
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃអង្គារទី០៣វិច្ឆិកា ថា លោកបានបង្កើតកិច្ចព្រមព្រៀងមួយ ជាមួយលោកនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន នឹងបញ្ឈប់នូវការផ្ដល់មូលនិធិយោធា មានទំហំទឹកប្រាក់ រហូតដល់៤ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដល់ប្រទេសជាសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ចាប់ពីចុងឆ្នាំ២០២៦ រហូតតទៅ...។

ថ្លែងទៅកាន់ទូរទស្សន៍ Fox News លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា អ៊ីស្រាអែល លែងត្រូវការជំនួយយោធាទាំងនោះទៀតហើយ! ហើយថា សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន រួមទាំងក្រុមអ្នកនយោបាយដែលមាននិន្នាការឆ្វេងនិយម បានចាប់យកជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក ដែលផ្តល់ឱ្យអ៊ីស្រាអែល មកធ្វើជាប្រធានបទ វាយប្រហារលើសមាជិករបស់គណបក្សសាធារណរដ្ឋ។ លោកប្រាប់ដល់កម្មវិធី «Fox and Friends» នៃទូរទស្សន៍ Fox News ថា៖«ទាក់ទងនឹងការផ្ដល់ប្រាក់ដល់អ៊ីស្រាអែល! ខ្ញុំ និងលោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បានព្រមព្រៀងគ្នារួចហើយ! យើងនឹងបញ្ឈប់ការផ្ដល់ប្រាក់ចំនួន៤ពាន់លានដុល្លារក្នុងមួយឆ្នាំដល់អ៊ីស្រាអែល។ យើងបានព្រមព្រៀងគ្នានៅត្រឹមចុងឆ្នាំ២០២៦ យើងនឹងលែងផ្គត់ផ្គង់អ្វីដល់អ៊ីស្រាអែលទៀតហើយ។ ប៉ុន្តែ..យើងនឹងនៅតែជួយអ៊ីស្រាអែល ប្រសិនបើពួកគេត្រូវការ»។

ថ្វីបើមានការលើកឡើងរស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក បែបនេះក្ដី ប៉ុន្ដែការិយាល័យលោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ មិនបានឆ្លើយតបភ្លាមៗឡើយ។ គេនៅមិនទាន់ច្បាស់ទេថា តើលោកប្រធានាធិបតី ដូណាល់ ត្រាំ សំដៅលើជំនួយហិរញ្ញវត្ថុមួយណាជាក់លាក់នោះឡើយ? កិច្ចព្រមព្រៀងមួយ ដែលផ្តល់ជំនួយយោធាសហរដ្ឋអាម៉េរិក ចំនួន៣,៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ដល់អ៊ីស្រាអែល នឹងផុតកំណត់ នៅត្រឹមឆ្នាំ២០២៨ ខណៈបច្ចុប្បន្ន មានការពិភាក្សាគ្នា អំពីរបៀបដែលជំនួយរបស់រដ្ឋធានីវ៉ាស៊ីនតោន ជួយដល់ប្រទេសអ៊ីស្រាអែល នឹងផ្លាស់ប្ដូរទៅជាទម្រង់ផ្សេងៗទៀត។ លោក ដូណាល់ ត្រាំ បន្ថែមថា៖«អ៊ីស្រាអែល អាចទិញអ្វីក៏បានតាមចិត្ត។ ពួកគេអាចទិញអ្វីក៏បាន ដែលពួកគេចង់បាន។ រីឯ អឺរ៉ុប ក៏អាចធ្វើដូច្នេះបានដែរ។ យើងផលិតគ្រឿងសព្វាវុធដ៏ល្អបំផុត នៅលើពិភពលោក»។

ថ្លែងនៅក្នុងបទសម្ភាសមួយ ជាមួយនឹងទូរទស្សន៍អាម៉េរិក CBS កាលពីខែឧសភា លោកនាយករដ្ឋន្រ្ដី នេតាន់យ៉ាហ៊ូ បញ្ជាក់ថា លោកសង្ឃឹមថា អ៊ីស្រាអែល អាចនឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួន ទៅលើជំនួយយោធារបស់សហរដ្ឋអាម៉េរិក នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នៅក្នុងលិខិតមួយផ្ញើទៅកាន់សមាជិកសភាសហរដ្ឋអាម៉េរិក មួយរូប កាលពីខែមិថុនា លោក នេតាន់យ៉ាហ៊ូ បានសរសេរថា ដល់ពេលហើយដែលអ៊ីស្រាអែល«ត្រូវផ្លាស់ប្ដូរពីអ្នកទទួលជំនួយ ទៅជាដៃគូវិញ»។ ការគាំទ្ររបស់សាធារណជនអាម៉េរិកាំង ចំពោះអ៊ីស្រាអែល បានធ្លាក់ចុះ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន ផ្ទុះឡើង នៅក្នុងខែតុលា ឆ្នាំ២០២៣ ជាពិសេស នៅក្នុងចំណោមក្រុមអ្នកគាំទ្រ មកពីគណបក្សប្រជាធិបតេយ្យ។ បើតាមការស្ទង់មតិមួយរបស់សាកលវិទ្យាល័យ Quinnipiac កាលពីខែមិថុនា បង្ហាញថា ក្រុមអ្នកបោះឆ្នោត៤៨ភាគរយ និងក្រុមអ្នកគាំទ្រមកពីគណបក្សប្រជាធិបតេយ្យ ៦៦ភាគរយ យល់ឃើញថា សហរដ្ឋអាម៉េរិក គាំទ្រអ៊ីស្រាអែលខ្លាំងពេក។

តួលេខនេះ កើនឡើងពី១៦ភាគរយ និង២០ភាគរយ នៅពេលសំណួរនេះ ត្រូវបានចោទសួរជាលើកដំបូង ក្នុងឆ្នាំ២០១៧។ ការគាំទ្រ ចំពោះអ៊ីស្រាអែល នៅក្នុងចំណោមអ្នកបោះឆ្នោត មកពីគណបក្សប្រជាធិបតេយ្យ បានធ្លាក់ចុះយ៉ាងគំហុក។ បេក្ខជនដែលរិះគន់អ៊ីស្រាអែល កំពុងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជនបឋមមកពីគណបក្សប្រជាធិបតេយ្យ ហើយសូម្បីតែសមាជិកសភា ដែលមាននិន្នាការកណ្តាលនិយម ក៏កាន់តែហ៊ានចោទសួរ អំពីការគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះអ៊ីស្រាអែល ដែលបានបន្តអស់រយៈពេលជាយូរមកហើយ ថា «ហេតុអ្វី? ព្រោះពួកគេមិនត្រូវការអ៊ីស្រាអែល»៕



