
ក្រុងបាត់ដំបង៖ អាជ្ញាធរក្រុងបាត់ដំបង បានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ឱ្យបញ្ឈប់បន្ទាន់នូវការលក់ដូរ និងការចរាចរណ៍ផលិតផល «ស្រាថ្នាំ យាយនឿន» ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានការអនុញ្ញាតត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច...។

តាមរយៈគណនីហ្វេសប៊ុកលោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហោះសារថា៖ រសៀលនេះ ចាត់សមត្ថកិច្ចឱ្យចុះណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលក់ស្រាត្រាំយាយ..ដែលមិនមានអាជ្ញាប័ណ្ណ ឬគ្មានប្រភពច្បាស់លាស់ នាំឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាជនខ្មែរយើង។ វិធានការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីស្រាថ្នាំប្រភេទនេះ ត្រូវបានចរាចរណ៍លក់ដូរដោយគ្មានការត្រួតពិនិត្យស្ដង់ដារគុណភាព អនាម័យ និងគ្មានការចុះបញ្ជីការច្បាស់លាស់ និងអាចបង្កជាហានិភ័យខ្ពស់ដល់សុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់។

សូមជម្រាបថា តាមរយៈការស្រាវជ្រាវរបស់មន្រ្តីជំនាញផ្នែកសុខភាព ធ្លាប់បានណែនាំថា ការផឹកស្រាថ្នាំ ឬឱសថបុរាណ ដែលផ្សំឡើងដោយគ្មានបច្ចេកទេស និងសមាសធាតុត្រឹមត្រូវ ងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជា ការពុលស្រាស្រួចស្រាវ ការប៉ះពាល់ដល់មុខងារថ្លើម និងតម្រងនោម ឬអាចដល់ថ្នាក់បាត់បង់ជីវិតថែមទៀតផង៕ រាយការណ៍ដោយ៖ ឈុន មករា



