ត្រៀមខ្លួនប្រយុទ្ធ! មេទ័ពនរ៉េសួថៃ បញ្ជាឱ្យពង្រឹងកម្លាំងយោធា និងអាវុ.ធនៅតាមព្រំដែនភូមា
ហៀប ស៊ីថេត
•
31 តុលា 2026 09:30 AM

ខេត្តតាក៖ ស្ថានការណ៍នៅព្រំដែនថៃ-ភូមា បានឡើងកម្ដៅដល់កម្រិតអាសន្ន បន្ទាប់ពីផ្ទុះការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវរវាងកងទ័ពភូមា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែននៅជិតភូមិនីនឡាផាន់ (Ninlapan) ស្រុកម្យ៉ាវ៉ាឌី រដ្ឋកាយីន។ ការវាយប្រហារដោយដ្រូន និងការបាញ់ផ្លោងពេញមួយយប់ពីភាគីភូមា បានធ្លាក់ចូលទឹកដីថៃ បណ្ដាលឱ្យខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋរងរបួស និងបង្ខំឱ្យអ្នកភូមិជម្លៀសខ្លួនទាំងភ័យស្លន់ស្លោ។

ឆ្លើយតបទៅនឹងអាសន្ននេះ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោក ប្រៈសាន ហិនប្រៈស៊ើត (Prasan Henprasert) មេបញ្ជាការកងកម្លាំងនរ៉េសួ បានចុះពិនិត្យស្ថានភាពផ្ទាល់នៅមូលដ្ឋានប្រតិបត្តិការម៉ែខនកែន ឃុំមហាវ៉ាន់ ស្រុកម៉ែសូត្រ ដោយបានទទួលស្វាគមន៍ និងរាយការណ៍ផ្ទាល់ពីលោក ជីរ៉ាផាត់ ហុមសាវត្ថិ (Jiraphat Homsawat) មេបញ្ជាការកងកម្លាំងពិសេសរាជមនូ។

មេបញ្ជាការកងកម្លាំងនរ៉េសួ បានចេញបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ឱ្យត្រៀមលក្ខណៈប្រយុទ្ធគ្រប់សេនារីយ៉ូ ដោយបញ្ជាឱ្យគ្រប់អង្គភាពពង្រឹងការឃ្លាំមើលតាមព្រំដែន ២៤ ម៉ោងលើ ២៤ម៉ោង ព្រមទាំងត្រៀមអាវុធ គ្រឿងបរិក្ខារ និងកម្លាំងទ័ពជាស្រេចដើម្បីឆ្លើយតបភ្លាមៗ។ លើសពីនេះ កងកម្លាំងរាជមនូ ត្រូវបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ៤វិមាត្រ ដើម្បីឆ្លើយតបចំពោះគ្រាប់ផ្លោងឆ្លងដែន ការពារអធិបតេយ្យភាព និងធានាសុវត្ថិភាពជូនប្រជាជនក្នុងតំបន់។ ជាពិសេស បង្កើនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ដើម្បីរារាំងរាល់សកម្មភាពលួចលាក់គាំទ្រប្រតិបត្តិការប្រយុទ្ធ ដោយផ្ដោតលើសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃជាអាទិភាពកំពូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត