
រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ បានសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង F-16 ពីរគ្រឿង ហោះល្បាតនៅស្រុកម៉ែសូត្រ និងតំបន់ជុំវិញជាប់ព្រំដែនភូមា កាលពីថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នា មេបញ្ជាការបានផ្តាំប្រជាពលរដ្ឋថា នឹងឮសំឡេងយន្តហោះខ្លាំងជាងធម្មតា ប៉ុន្តែកុំមានការភ័យស្លន់ស្លោ...។

កងកម្លាំងរាជមនូថៃ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ជំនួសមុខឱ្យកងទ័ពអាកាស ដោយថ្លែងថា បេសកកម្មល្បាតលើអាកាសនេះ ត្រូវបានកំណត់ធ្វើឡើងនៅវេលាម៉ោង១៧:០០នាទីល្ងាច។ យន្តហោះចម្បាំង F-16 ទាំង២គ្រឿង ត្រូវបានចាត់តាំងឱ្យធ្វើការល្បាតលើដែនអាកាសនៃស្រុកម៉ែសូត្រ ខេត្តតាក និងតំបន់ក្បែរៗនោះ ជាផ្នែកមួយនៃកិច្ចការតាមដាន និងការពារសន្តិសុខអាកាសជាតិ។ កងទ័ពអាកាសថៃ បានបញ្ជាក់ថា ប្រតិបត្តិការនេះ អាចបង្កឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ និងសហគមន៍ជុំវិញ ឮសំឡេងយន្តហោះលាន់ខ្លាំងជាងធម្មតា ដូច្នេះ ចៀសវាងការយល់ច្រឡំ និងការភ័យព្រួយក្នុងចំណោមសាធារណជន។

កងទ័ពអាកាសថៃ ក៏បានអំពាវនាវឱ្យពលរដ្ឋថៃ រក្សាទំនុកចិត្តលើប្រតិបត្តិការរបស់ខ្លួន ដោយបញ្ជាក់ថា កងទ័ពអាកាស នៅតែបំពេញភារកិច្ចដើម្បីតាមដានស្ថានការណ៍ ការពារសុវត្ថិភាពសាធារណៈ និងរក្សាសន្តិសុខជាតិ។ ទន្ទឹមគ្នា កងកម្លាំងរាជមនូ បានបន្តពង្រឹងសន្តិសុខយ៉ាងម៉ឺងម៉ាត់ នៅតាមបណ្តោយព្រំដែន ដោយបានបញ្ជូនកម្លាំងចម្រុះ ចុះល្បាតតាមយានយន្តក្នុងតំបន់ព្រំដែន។ ប្រតិបត្តិការនេះ បានគ្របដណ្ដប់លើតំបន់លេខ៩ ឃុំមហាវ៉ាន់ (มหาวัน) ស្រុកម៉ែសូត្រ ខេត្តតាក ដោយមានគោលបំណងបង្កើនការស៊ើបការណ៍ក្នុងតំបន់ ព្រមទាំងតាមដានលើស្ថានការណ៍ប្រយុទ្ធគ្នានៅក្នុងប្រទេសភូមា ដើម្បីវាយតម្លៃសភាពការណ៍ និងបង្ការផលប៉ះពាល់ដែលអាចកើតមានចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបណ្តោយព្រំដែន។

របាយការណ៍ព័ត៌មានបន្ថែម បានឱ្យដឹងថា កងទ័ពថៃ បានប្រើប្រាស់វិធីសាស្ដ្រល្បាតចម្រុះ រួមមាន៖ ការល្បាតតាមរថយន្ត ទោចក្រយានយន្ត និងការដើរល្បាតដោយថ្មើរជើង ដើម្បីទប់ស្កាត់រាល់ទម្រង់នៃសកម្មភាពខុសច្បាប់ ដូចជា ការរត់ពន្ធទំនិញគេចពន្ធចូលប្រទេសថៃ ព្រមទាំងទប់ស្កាត់ការរត់ពន្ធទំនិញពីថៃចូលទៅប្រទេសភូមា ដើម្បីរក្សាសន្តិសុខ របៀបរៀបរយ និងសុវត្ថិភាព នៅតាមបណ្តោយព្រំដែន។ ការរឹតបន្តឹងព្រំដែននេះ កើតឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវ រវាងកងទ័ពភូមា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ខណៈគ្រាប់ហោះផ្លោងឆ្លងដែនចូលដីថៃ បង្កឱ្យខូចខាតផ្ទះសម្បែង និងបណ្ដាលឱ្យប្រជាជនក្នុងតំបន់រងរបួស និងរត់គេចខ្លួនរកតែប្រាស់អាយុម្ដងៗ៕





