យោធាភូមាទម្លាក់គ្រា.ប់បែកពេញមួយរាត្រី ឯទ័ពថៃត្រៀមអាវុ.ធធុនធ្ងន់បា.ញ់តដៃ ខណៈព្រំដែនបិទ៧ថ្ងៃ
ហៀប ស៊ីថេត
•
3 ម៉ោងមុន

ខេត្តតាក៖ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ស្ថានការណ៍នៃភាពតានតឹងតាមបណ្តោយព្រំដែនថៃ-ភូមា ហាក់ឡើងកម្តៅកាន់តែស្រួចស្រាវ បន្ទាប់ពីការប្រយុទ្ធគ្នាពេញមួយយប់។ យោធាភូមា បានប្រើប្រាស់ដ្រូនដើម្បីទម្លាក់គ្រាប់បែកធំៗច្រើនលើកច្រើនសា ពេញមួយយប់ ចាប់ពីក្បាលព្រលប់រហូតដល់ព្រឹកព្រលឹម ដោយកំណត់គោលដៅលើទីតាំងសំខាន់ៗរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដែលព្យាយាមផ្តាច់ខ្លួន នៅក្នុងភូមិមីនឡាផាន់ (Minlapan) នៃរដ្ឋកាយីន ដោយតំបន់នេះ ស្ថិតនៅជាប់ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ។

បញ្ហានេះ ធ្វើឱ្យជម្លោះនៅព្រំដែនថៃ-ភូមា កាន់តែឡើងកម្ដៅ។ ឡើងកម្តៅ ក៏ព្រោះតែស្នូរអាវុធ គ្រាប់បែក និងគ្រាប់ភ្លើង បានហោះផ្លោងរំលងព្រំដែន ចូលភូមិឋាន និងកម្ទេចផ្ទះសម្បែងពលរដ្ឋថៃ។ ពេញមួយយប់ កងកម្លាំងពិសេស រាជមនូថៃ សហការជាមួយកងអនុសេនាតូចស្ម័គ្រចិត្តការពារដែនដី ស្រុកម៉ែសត លេខ៣ កងនគរបាលការពារព្រំដែនលេខ៣៤៦ និងភាគីពាក់ព័ន្ធផ្សេងទៀត បានរៀបចំប្រព័ន្ធត្រួតពិនិត្យ និងល្បាតជុំវិញភូមិម៉ែខនកែន និងភូមិមហាវង្ស ក្នុងស្រុកម៉ែសត នៃខេត្តតាក។ ភូមិទាំងនេះ ស្ថិតនៅទល់មុខខ្សែប្រយុទ្ធ ហើយបានរងផលប៉ះពាល់ដោយសារគ្រាប់បែកមិនទាន់ផ្ទុះ និងគ្រាប់កាំភ្លើងធុនធ្ងន់ ដែលបានផ្លោងឆ្លងព្រំដែន បណ្ដាលឱ្យខូចខាតផ្ទះសម្បែងជាច្រើនខ្នង និងបណ្ដាលឱ្យអ្នកភូមិថៃរងរបួស និងភ័យស្លន់ស្លោញ័រទទ្រើក។

ទន្ទឹមនឹងនេះ ស្របពេលស្ថានការណ៍មិនទាន់បានដោះស្រាយ និងបន្តកើនឡើងកម្ដៅ លោក ប្រៈសាន ហិនប្រៈស៊ើត (ประสาน เห็นประเสริฐ) មេបញ្ជាការកងកម្លាំងពិសេស នរ៉េសួ (นเรศวร) បានចេញបញ្ជាជាលាយលក្ខណ៍អក្សរបន្ទាន់មួយ ស្តីពីការផ្អាកការអនុញ្ញាតនាំចូល-នាំចេញទាំងអស់ តាមច្រកមិនផ្លូវការនៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់។ វិធានការនេះ ធ្វើឡើងដើម្បីរក្សាការត្រួតពិនិត្យព្រំដែន បង្ការការគាំទ្រឆ្លងដែនចូលទៅក្នុងប្រទេសភូមា ដែលអាចរួមចំណែកដល់ការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធទាំងអស់ និងដើម្បីធានាសន្តិសុខ សុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ កងកម្លាំងពិសេសនរ៉េសួ និងអង្គភាពសន្តិសុខនៅក្នុងតំបន់ បានប្រាប់ឱ្យគយស្រុកម៉ែសត ផ្អាកការនាំចូល និងនាំចេញទាំងអស់ តាមច្រកមិនផ្លូវការ ចាប់ពីភាគខាងត្បូងនៃស្ពានថៃ-ភូមា លេខ១ ក្នុងស្រុកម៉ែសត និងស្រុកភពព្រះ ខេត្តតាក សម្រាប់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្នុងភូមិម៉ែខនកែន និងភូមិហួយមហាវង្ស ព្រមទាំងភូមិជិតខាងដែលមានហានិភ័យខ្ពស់ បានបង្កើនការប្រុងប្រយ័ត្ន ដើម្បីជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ឬលេណដ្ឋានភ្លាមៗ ប្រសិនបើការប្រយុទ្ធគ្នាផ្ទុះឡើងម្ដងទៀត នាពេលខាងមុខ។ នៅតាមបណ្តោយព្រំដែនថៃ-ភូមា ទាំងមូល កងកម្លាំងពិសេសរាជាមង្គល (กองเฉพาะกิจราชมังคลา) បានត្រៀមលក្ខណៈរួចរាល់ ក្នុងការបាញ់គ្រាប់ផ្លោង និងវាយបកវិញភ្លាមៗ ទៅតាមវិធានការប្រយុទ្ធ ប្រសិនបើមានគ្រាប់ផ្លោងណាមួយធ្លាក់ចូលមកលើដែនដីថៃ ជាថ្មី។ កងកម្លាំងសន្តិសុខ រួមជាមួយរដ្ឋបាលស្រុកម៉ែសត និងកងនគរបាលការពារព្រំដែនលេខ៣៤៦ កំពុងស្ថិតក្នុងប្រព័ន្ធប្រុងប្រយ័ត្នខ្ពស់ ២៤ម៉ោងលើ២៤ម៉ោង។

ចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល បានបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យព្រំដែនភ្លាមៗ នៅស្រុកម៉ែសូត្រ បន្ទាប់ពីពលរដ្ឋថៃរងរបួសដោយសារគ្រាប់ផ្លោងចេញពីជម្លោះផ្ទៃ[ក្នុង]នៃប្រទេសភូមា។ លោកបញ្ជាក់ថា មេដឹកនាំភូមាត្រូវបានជូនដំណឹងរួចហើយ និងបានប្រកាសត្រៀមខ្លួនដំឡើងកម្រិតវិធានការសន្តិសុខ ប្រសិនបើចាំបាច់។ ទាក់ទិននឹងសំណួរថា តើមានការផ្ញើលិខិតទៅកាន់ប្រទេសភូមាដែរឬទេ..? លោក អនុទីន ថ្លែងថា នេះជាការណែនាំ ហើយក៏មានកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់ផងដែរ។ មេដឹកនាំនៃប្រទេសជិតខាងទាំងពីរ ត្រូវបានជូនដំណឹងរួចហើយដែរ។ យើងត្រូវថែរក្សាប្រជាជនយើងដូចគ្នា ប្រសិនភាគីភូមាគ្មានសកម្មភាពណាមួយ ត្រូវបានចាត់វិធានការទេ យើងនឹងត្រូវដំឡើងកម្រិតវិធានការការពារខ្លួនរបស់យើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត