
រដ្ឋធានីតេហេរ៉ង់៖ ក្រោយពេលសហរដ្ឋអាម៉េរិក បើកការវាយប្រហារជាថ្មី កាលពីថ្ងៃចន្ទ ទៅលើកោះដ៏សំខាន់មួយរបស់អ៊ីរ៉ង់រួចមក ប្រមុខក្រុមអ្នកចរចារបស់ប្រទេសនេះ បានលើកឡើងថា ការបញ្ចប់សង្គ្រាម ស្ថិតនៅលើសហរដ្ឋអាម៉េរិកខ្លួនឯង...។

បណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយ កាលពីវេលាម៉ោង៣រសៀលថ្ងៃអង្គារទី៣ ខែវិច្ឆិកានេះថា លោក ម៉ូហាមម៉េដ បាហ្គ័រ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) ប្រធានាសភាអ៊ីរ៉ង់ និងជាប្រធានក្រុមអ្នកចរចា ជាមួយសហរដ្ឋអាម៉េរិក បញ្ជាក់ថា ឥឡូវនេះ វាអាស្រ័យទៅលើរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងការ«ទប់ស្កាត់សង្គ្រាម»។ នៅក្នុងសុន្ទរកថាមួយ ដែលផ្សាយតាមទូរទស្សន៍នោះ លោកប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា៖«បណ្តាប្រទេសនានាក្នុងតំបន់ គួរតែដឹងដូចទៅនឹងអ្វីដែលសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ កំពុងត្រៀមខ្លួន សម្រាប់សមរភូមិ ព្រោះម្រាមដៃ ស្ថិតនៅលើកៃកាំភ្លើងរួចជាស្រេចទៅហើយ។ អ៊ីរ៉ង់ ក៏បានផ្តល់នូវការឆ្លើយតបដ៏ម៉ឺងម៉ាត់ និងសមហេតុផលទៅកាន់ភាគីអាម៉េរិកវិញដែរ។ ឥឡូវនេះ វាអាស្រ័យលើភាគីអាម៉េរិក នៅក្នុងការទប់ស្កាត់សង្គ្រាមនេះ»។

បណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC បានចេញផ្សាយនៅថ្ងៃអង្គារទី៣ ខែវិច្ឆិកានេះថា ក្រុមមន្រ្ដីសហរដ្ឋអាម៉េរិក បានប្រាប់ដល់ទូរទស្សន៍សហរដ្ឋអាម៉េរិក CBS ដែលជាដៃគូ BBC ថា សហរដ្ឋអាម៉េរិក បានចាប់ផ្ដើមបើកការវាយប្រហារទៅលើកោះ ហ្គេសឹម (Qeshm) ដែលមានទំហំជិត១៥០០គីឡូម៉ែត្ររបស់ប្រទេសអ៊ីរ៉ង់ នៅច្រកសមុទ្ទហ័រមូស្ស នៃឈូងសមុទ្ទពែរ្ស (Persian Gulf)។ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA ក៏បានរាយការណ៍អំពីសំឡេងបំផ្ទុះជាច្រើន បានលាន់ឮ នៅលើកោះនេះ កាលពីថ្ងៃចន្ទ។ ក្រុមមន្រ្ដីអាម៉េរិក បានហៅការវាយប្រហារទាំងនោះ ជាការកំណត់ និងបានបញ្ជាក់អំពីអ្វីដែលពួកគេឆ្លើយតបទៅនឹងកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានបាញ់ទៅលើយន្ដហោះរបស់សហរដ្ឋអាម៉េរិក។ ការវាយប្រហារនេះ កើតឡើង នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្ដិ នៅសហរដ្ឋអាម៉េរិក ដែលនឹងកំណត់ថា តើគណបក្សលោក ត្រាំ ឬគណបក្សប្រជាធិបតេយ្យ គ្រប់គ្រងតំណែងនៅសភា (Congress)។

បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងចំនួនស្ទង់មតិធ្លាក់ចុះ និងរងសម្ពាធ ពីក្នុងគណបក្សរបស់លោក ដើម្បីបញ្ចប់សង្គ្រាម បានបង្កឡើងដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតមក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ដល់សារព័ត៌មានអាម៉េរិក Axios កាលពីព្រឹកថ្ងៃចន្ទថា៖លោកមិនប្រញាប់ នៅក្នុងការបង្កើនការវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់នោះឡើយ។ ទោះជាយ៉ាងណានេះក្ដី យើងនឹងចាត់វិធានការអ្វីមួយ ប៉ុន្តែមិនចាំបាច់ប្រញាប់ពេកទេ។ យើងបានធ្វើឱ្យពួកគេ គាំងផ្នែកហិរញ្ញវត្ថុ រួចមកហើយ។ ពួកគេគ្មានលុយ គ្មានប្រេងឥន្ធនៈ ហើយប្រជាជនរបស់ពួកគេ ក៏កំពុងធុញទ្រាន់នឹងស្ថានភាពបែបនេះខ្លាំងផងដែរ»៕




