
ក្រុងសិរីសោភ័ណ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅតុលាការ បន្ទាប់ពីពួកគេធ្វើសកម្មភាពហិង្សា កាប់ប្រហារលើជនរងគ្រោះឱ្យរងរបួសធ្ងន់...។

របាយការណ៍ពីមន្ត្រីជំនាញនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗ ក្រុមជនសង្ស័យបានបង្កជម្លោះ និងប្រើប្រាស់អាវុធកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួស។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះ គឺបន្ទាប់ពីធ្វើសកម្មភាពហិង្សារួច ក្រុមជនដៃដល់មិនទាន់អស់ចិត្ត ក៏ឆ្លៀតទៅលួចយកធុងបាសជនរងគ្រោះបន្ថែមទៀត ទើបនាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុ នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ភ្លាមៗ..កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវយ៉ាងក្ដៅគគុក រហូតឈានដល់ការកំណត់មុខសញ្ញា និងស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ការរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងអាវុធ ព្រមទាំងដកហូតធុងបាសដែលជាវត្ថុតាងត្រឡប់មកវិញផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ជាធរមាន៕






