
បញ្ហាព្រំដែន៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានខាងកម្ពុជា (AOT) បានចុះពិនិត្យមើលស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ដែលយោធាថៃ បានដាក់ពង្រាយរថក្រោះ២គ្រឿង។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិកម្ពុជា អះអាងថា រថក្រោះទាំង២គ្រឿងនោះ ស្ថិតនៅចម្ងាយប្រមាណតែ២៥០ម៉ែត្រប៉ុណ្ណោះ ពីទីតាំងដែលក្រុមអ្នកសង្កេតការណ៍អាស៊ានឈរមើល នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្រសួងការពារជាតិកម្ពុជា បន្តថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅចុងឆ្នាំ២០២៥ មក យោធាថៃ បានបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងបង្កការភ័យខ្លាចថែមទៀត។ ក្រសួងការពារជាតិបន្ថែមថា យោធាថៃ នៅបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ នៅតំបន់ភូមិជោគជ័យនេះ បណ្ដាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា ជាង១ពាន់គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។

ការចុះសង្កេតការណ៍ ការពិនិត្យ និងការផ្ទៀងផ្ទាត់ ដោយផ្ទាល់ដល់ទីតាំងជាក់ស្តែង ពិតជាផ្តល់ឱកាសឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន បានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា អាចវិលត្រលប់ទៅលំនៅឋានវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាដដែល។

ដូចលើកមុនៗ កម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងពីខាងភាគីថៃ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែន ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញ ចំពោះសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំង២ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕





