
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញមុខបញ្ជាក់ថា ពាក់ព័ន្ធករណីសាលារៀននៅចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ ទារប្រាក់ពីសិស្សានុសិស្ស៤ម៉ឺនរៀលក្នុងមួយខែ ពេលនេះ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ កំពុងចុះធ្វើការស្រាវជ្រាវ និងដោះស្រាយយ៉ាងយកចិត្តទុកដាក់....។

លោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ការីនិពន្ធអង្គភាពសារព័ត៌មាន SBM News នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ករណីនេះ រដ្ឋបាលខណ្ឌ មន្ទីរអប់រំ នាយកសាលា និងអ្នកពាក់ព័ន្ធ បានប្រជុំដោះស្រាយកាលពីព្រឹកមិញហើយ។ ចំពោះលទ្ធផលយ៉ាងណានោះ លោកស្រីមិនទាន់ទទួលបាននៅឡើយទេ ដោយទុកពេលឱ្យក្រុមមន្ត្រីជំនាញ ធ្វើការចប់រួចរាល់សិន។ ការចេញមុខបំភ្លឺ និងបញ្ជាក់ពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានការបញ្ចេញមតិ រអ៊ូរទាំ និងរិះគន់ពីសំណាក់អាណាព្យាបាលសិស្ស ក៏ដូចជាមហាជននៅលើបណ្តាញសង្គម ជុំវិញការទារប្រាក់ពីសិស្សសាលា បង្កើតជាចម្ងល់ និងការព្រួយបារម្ភចំពោះការចំណាយផ្សេងៗ នៅក្នុងគ្រឹះស្ថានសិក្សា។

មហាជន ជាពិសេសអាណាព្យាបាលសិស្ស រំពឹងថា អាជ្ញាធរនឹងដោះស្រាយករណីនេះឱ្យបានឆាប់រហ័ស និងប្រកបដោយតម្លាភាព ដើម្បីធានាជួយសម្រាលបន្ទុកអាណាព្យាបាល និងរក្សាបាននូវបរិយាកាសសិក្សាដ៏ល្អប្រសើរ សម្រាប់សិស្សានុសិស្ស។ សូមជម្រាបផងដែរថា កាលពីម្សិលមិញ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Mean Va បានបង្ហោះវីដេអូឃ្លីប និងអះអាងថា គ្រូបង្រៀនថ្នាក់ទី១ នៃសាលាចាក់អង្រែក្រោម បានតម្រូវឱ្យអាណាព្យាបាលបង់ប្រាក់ក្នុងម្នាក់ៗ៤ម៉ឺនរៀលក្នុងមួយខែ ទើបអាចចូលរៀនបាន រូបគាត់ សុំបញ្ចុះតម្លៃសល់ត្រឹម២ម៉ឺនរៀល តែអ្នកគ្រូមិនព្រមឡើយ ដោយនៅតែទាមទារបង់ឱ្យគ្រប់ចំនួន។

បន្ទាប់មក បុរសជាអាណាព្យាបាលរូបនេះ បានរាយការណ៍ទៅលោកនាយកដែរ ប៉ុន្តែគ្មានដំណោះស្រាយឡើយ ដោយរុញរូបលោកមកជួបអ្នកគ្រូនោះវិញដដែល។ ទោះជាយ៉ាងណា វីដេអូឃ្លីបខាងលើ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ស្រាប់តែនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកានេះ ម្ចាស់គណនី Mean Va បានបង្ហោះសំណេរយ៉ាងដូច្នេះថា ខ្ញុំបាទជាអាណាព្យាបាលសិស្ស បានលុបឃ្លីបវីដេអូអ្នកគ្រូឱ្យសិស្សបង់លុយ៤0000៛ក្នុង១ខែ នៅសាលាបឋមសិក្សាហ៊ុនសែន ចាក់អង្រែក្រោមអាជ្ញាធរ អប់រំគ្រប់លំដាប់ បានមកដោះស្រាយជូនខ្ញុំហើយ អ្នកគ្រូក៏ទទួលសារភាពកំហុសខ្លួនដែរ៕




