
រាជធានីភ្នំពេញ៖ កុមារ និងយុវជនកម្ពុជា ប្រមាណ៦០ម៉ឺននាក់ មានអាយុចន្លោះពី១១ ដល់១៧ឆ្នាំ ធ្លាប់ជួបប្រទះការរំលោភបំពានតាមប្រព័ន្ធអនឡាញ ស្មើនឹងប្រមាណ ១១ភាគរយនៃកុមារក្នុងក្រុមអាយុនេះ។ បញ្ហាខាងលើ កំពុងបង្កការព្រួយបារម្ភចំពោះសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារ ខណៈការរំលោភបំពានតាមបច្ចេកវិទ្យាកាន់តែក្លាយជាបញ្ហាប្រឈម ក្នុងសង្គមឌីជីថល..។

ឆ្លើយតបនឹងបញ្ហានេះ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសផ្តល់មូលនិធិថ្មី ដើម្បីគាំទ្រអង្គការបន្ទាយស្រី (Banteay Srei NGO) បន្តការងារការពារកុមារពីអំពើហិង្សា និងការរំលោភបំពានដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យានៅ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ តាមការបញ្ជាក់របស់ស្ថានទូត ការផ្ដល់មូលនិធិនេះ មានគោលបំណងពង្រឹងសមត្ថភាពសហគមន៍ និងអ្នកពាក់ព័ន្ធនៅជួរមុខ ឱ្យមានចំណេះដឹង និងឧបករណ៍ចាំបាច់ក្នុងការទប់ស្កាត់ កំណត់អត្តសញ្ញាណ ឆ្លើយតបចំពោះករណីកុមាររងគ្រោះ ដោយការរំលោភបំពានតាមប្រព័ន្ធឌីជីថល។

ស្ថានទូតព្រីតថេន លើកឡើងថា៖«ការការពារកុមារក្នុងពិភពឌីជីថល មិនមែនជាជម្រើសនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់គ្រួសារ សហគមន៍ អង្គការសង្គមស៊ីវិល អ្នកជំនាញជួរមុខ ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យា»។ ជាមួយគ្នាគម្រោង ក៏នឹងជួយបង្កើត និងពង្រឹងប្រព័ន្ធបញ្ជូនករណី ដើម្បីឱ្យកុមារដែលកំពុងប្រឈមនឹងហានិភ័យ ឬបានរងគ្រោះរួចហើយ អាចទទួលបានការការពារ ព្រមទាំងសេវាគាំទ្របានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ស្ថានទូតបញ្ជាក់បន្ថែមថា ការចូលរួមពីគ្រប់ភាគី នឹងជួយបង្កើតបរិយាកាសឌីជីថល ដែលមានសុវត្ថិភាព ដើម្បីឱ្យកុមារអាចស្វែងយល់ រៀនសូត្រ ទំនាក់ទំនង និងអភិវឌ្ឍខ្លួនបានដោយមិនត្រូវប្រឈមនឹងអំពើហិង្សា ឬការរំលោភបំពាន។

ការអនុញ្ញាតឱ្យកុមារប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ភ្ជាប់អ៊ីនធឺណិត អាចធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាដែលអ្នកនឹកស្មានមិនដល់ដូចជា ការគំរាមកំហែង ការបៀតបៀនផ្លូវភេទ និងការជួញដូរនៅលើប្រព័ន្ធទាំងនេះ។ អ្នកគួរប្រយ័ត្នប្រយែងដើម្បីជៀសផុតពីគ្រោះថ្នាក់សម្រាប់កូនៗ នៅពេលពួកគេអនឡាញ ដោយត្រូវកំណត់ពេលប្រើប្រាស់ច្បាស់លាស់ និងតាមដានជាប្រចាំអ្វីដែលពួកគេកំពុងមើល ឬលេង។ ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ៕



