ថៃស្លន់ស្លោរឿងអ្វី..? ស្ថាប័នជំនាញជំរុញឱ្យពលរដ្ឋត្រៀមខ្លួន នៅក្នុងគ្រាអាសន្នរយៈពេល៧២ម៉ោង
S
Sinuon Nop
•
6 ម៉ោងមុន

រាជធានីបាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) នៃប្រទេសថៃ បានជំរុញឱ្យគ្រួសារនានា រៀបចំកាបូបសម្រាប់ករណីអាសន្ន ដែលមានផ្ទុកអាហារ ទឹក ថ្នាំពេទ្យ និងសម្ភារចាំបាច់ផ្សេងៗ នៅក្នុងបរិមាណគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់យ៉ាងហោចណាស់រយៈពេល៧២ម៉ោង ខណៈការណែនាំនេះធ្វើឡើង ដោយយោងទៅលើក្ដីបារម្ភជាអន្តរជាតិ ជុំវិញជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតម្រូវការចាំបាច់ នៅក្នុងការត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយ។ នេះបើតាមសារព័ត៌មានថៃ ចេញផ្សាយនៅរសៀលថ្ងៃអង្គារទី៣ ខែវិច្ឆិកា...។

លោក និរ័ត្ន ពង្សសិទ្ធិថាវ៉ន (นิรัตน์ พงษ์สิทธิถาวร) អគ្គនាយក នៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ  
លោក និរ័ត្ន ពង្សសិទ្ធិថាវ៉ន (นิรัตน์ พงษ์สิทธิถาวร) អគ្គនាយក នៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ  

លោក និរ័ត្ន ពង្សសិទ្ធិថាវ៉ន (นิรัตน์ พงษ์สิทธิถาวร) អគ្គនាយក នៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានបញ្ជាក់ថា ប្រទេសមួយចំនួន បានណែនាំឱ្យពលរដ្ឋខ្លួនស្តុកទុកសម្ភារចាំបាច់ សម្រាប់រយៈពេល៣ថ្ងៃ ដោយសារក្ដីព្រួយបារម្ភ ចំពោះស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ថ្វីបើប្រទេសថៃ មិនស្ថិតក្នុងចំណោមប្រទេស ដែលកំពុងប្រឈមមុខនឹងហានិភ័យបែបនេះក្ដី ប៉ុន្ដែលោកបានសង្កត់ធ្ងន់ថា ការរៀបចំ កាបូបសម្រាប់ករណីអាសន្ន គឺជាវិធានការបង្ការជាមូលដ្ឋានមួយ ដែលអាចជួយឱ្យប្រជាពលរដ្ឋ អាចទប់ទល់នឹងស្ថានការណ៍ ដែលមិនបានគ្រោងទុក។

បើតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្ដរាយថៃ បានឱ្យដឹងថា រយៈពេល៧២ម៉ោងដំបូង បន្ទាប់ពីគ្រោះមហន្តរាយកើតឡើង គឺជាពេលវេលាដ៏សំខាន់បំផុត ដោយសារប្រជាពលរដ្ឋ រងផលប៉ះពាល់ អាចនឹងត្រូវរស់នៅដោយពឹងផ្អែកលើខ្លួនឯង នៅក្នុងអំឡុងពេលដែលអាជ្ញាធរកំពុងចាត់ចែងរៀបចំជំនួយសង្គ្រោះបន្ទាន់។ នាយកដ្ឋានមួយនេះ បានណែនាំឱ្យគ្រប់គ្រួសារ រៀបចំកាបូបសម្រាប់ករណីអាសន្នមួយ ដោយដាក់បញ្ចូលនូវសម្ភារចាំបាច់ ចំនួន៦ប្រភេទ រួមមាន៖ ១-ឱសថ និងការថែទាំសុខភាព៖ ប្រអប់ឧបករណ៍សង្គ្រោះបឋម ថ្នាំពេទ្យទូទៅ ថ្នាំតាមវេជ្ជបញ្ជា និងឯកសារសុខភាពផ្សេងៗ។​ ២-អាហារ និងទឹក៖ ទឹកសម្រាប់ផឹកយ៉ាងហោចណាស់៣លីត្រក្នុងម្នាក់ៗ ក្នុងមួយថ្ងៃ អាហារដែលបរិភោគបានភ្លាមៗ និងអាហារសម្រន់ ដែលផ្តល់ថាមពលខ្ពស់ ព្រមទាំងអាហារពិសេសសម្រាប់កុមារ មនុស្សចាស់ និងអ្នកដែលមានតម្រូវការសុខភាពជាក់លាក់។

៣-ឧបករណ៍ទំនាក់ទំនង និងសម្ភារផ្សេងៗ៖ ទូរសព្ទដៃ ថ្មសាកចល័ត (Power bank) ពិល ថ្មពិលបម្រុង វិទ្យុដែលប្រើថ្ម ទៀន ដែកកេះ សៀវភៅកត់ត្រា ប៊ិក កាំបិតតូច កន្ត្រៃ ខ្សែពួរ។ ៤-ឯកសារសំខាន់ៗ និងប្រាក់សុទ្ធ៖ ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ បណ្ណធានារ៉ាប់រងសុខភាព បណ្ណបើកបរ សៀវភៅធនាគារ និងបណ្ណកម្មសិទ្ធិដីធ្លី ដោយដាក់ក្នុងថង់ការពារទឹក ព្រមទាំងមានប្រាក់សម្រាប់ប្រើប្រាស់ជំនួស សាច់ប្រាក់ ក្នុងករណីដែលប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក មិនអាចដំណើរការបាន។ ៥-សម្ភារអនាម័យផ្ទាល់ខ្លួន៖ ក្រដាសជូតមាត់ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សម្ភារសម្រាប់សម្អាតរាងកាយ និងថង់សម្រាប់ដាក់សំរាម។ ៦-សម្លៀកបំពាក់ និងសម្ភារចាំបាច់សម្រាប់ជម្រក៖ សម្លៀកបំពាក់សម្រាប់ផ្លាស់ប្ដូរ អាវភ្លៀង មួក ភួយ និងថង់គេង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត