
រដ្ឋធានីវ៉ាស៊ីនតោន៖ ការបោះឆ្នោតនៅថ្ងៃទី៤វិច្ឆិកា គណបក្សប្រជាធិបតេយ្យ កំពុងសម្លឹងមើលឱកាស ត្រឡប់មកគ្រប់គ្រងសភាឡើងវិញ ស្របពេលគណបក្សសាធារណរដ្ឋ កំពុងប្រឈមមុខនឹងការទទួលខុសត្រូវ ចំពោះការផ្ដល់សិទ្ធិិអំណាចពេញទីដល់ប្រធានាធិបតី ត្រាំ ក្នុងការបន្តជំរុញសង្គ្រាម ដោយមិនទទួលបានការគាំទ្រពីសាធារណជន។ ក្រុមអ្នកស្ទង់មតិ បានលើកឡើងថា គណបក្សប្រជាធិបតេយ្យ អាចនឹងទទួលបានអាសនៈភាគច្រើនលើសលុប នៅក្នុងសភា ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ First Post ចេញផ្សាយនៅរសៀលថ្ងៃអង្គារទី៣ ខែវិច្ឆិកា...។

នៅថ្ងៃអង្គារនេះ ជាទីបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតដ៏ក្ដៅបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក ខណៈគណបក្សសាធារណរដ្ឋ នឹងត្រូវប្រឈមមុខនឹងផលវិបាក ចំពោះអ្វីដែលពួកគេបានបើកដៃឱ្យលោក ត្រាំ មានសិទ្ធិិអំណាចពេញលេញ ទាំងកិច្ចការប្រទេសជាតិ និងគណបក្សរបស់ខ្លួន អស់រយៈពេល២ឆ្នាំកន្លងមកនេះ។ គណបក្សសាធារណរដ្ឋ ស្ទើរតែប្រាកដណាស់ថា នឹងបាត់បង់ការគ្រប់គ្រងសភា។ ដោយឡែក គណបក្សប្រជាធិបតេយ្យ កំពុងសង្ឃឹមថា ពួកគេអាចនឹងវិលត្រឡប់មកកាន់តំណែងវិញ តាមរយៈយុទ្ធនាការផ្តោតលើវិបត្តិចំណាយ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អំពើពុករលួយរបស់លោក ត្រាំ និងការប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិហួសដែនកំណត់។ បើតាមរបាយការណ៍របស់ Cook Political Report បានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យ អាចនឹងទទួលបានសំឡេងភាគច្រើនបំផុត នៅក្នុងសភា។

នៅក្នុងសភាតំណាងរាស្ត្រ មានអាសនៈ៤៣៥ នឹងត្រូវបោះឆ្នោតជ្រើសរើស ហើយក្រុមអ្នកព្យាករ បានប៉ាន់ប្រមាណថា បក្សប្រជាធិបតេយ្យ ទំនងជាអាចដណ្តើមបានអាសនៈបន្ថែមចន្លោះពី១២ទៅ២៥អាសនៈ ដែលនឹងធ្វើឱ្យគណបក្សនេះ ទទួលបានអាសនៈសរុបរហូតដល់២៤០អាសនៈ ខណៈចំនួនអាសនៈសម្រាប់កាន់កាប់សំឡេងភាគច្រើន គឺចំនួន២១៨អាសនៈ។ ស្របគ្នានេះដែរ នៅក្នុងព្រឹទ្ធសភា ក្រុមអ្នកព្យាករអះអាងថា អាសនៈរបស់បក្សប្រជាធិបតេយ្យ អាចប្រែប្រួលរវាង២ទៅ៦អាសនៈ។ បក្សប្រជាធិបតេយ្យ ត្រូវការការកើនឡើងចំនួនបួនអាសនៈ ដើម្បីគ្រប់គ្រងព្រឹទ្ធសភា។ នៅក្នុងសមរភូមិសំខាន់ៗ ទាំងប្រាំពីររបស់ព្រឹទ្ធសភា បក្សសាធារណរដ្ឋ បានចំណាយប្រាក់ចំនួន៩៤៧លានដុល្លារ ខណៈការចំណាយរបស់បក្សប្រជាធិបតេយ្យ ចំនួន៣២០លានដុល្លារ ប៉ុន្តែបក្សសាធារណរដ្ឋនៅតែចាញ់។

នៅក្នុងដំណាក់កាលចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត បក្សសាធារណរដ្ឋ ក៏បានចាយប្រាក់រាប់រយលានដុល្លារ ចូលទៅក្នុងរដ្ឋ ដែលមាននិន្នាការទៅលើគណបក្សជាខ្លាំង ដូចជា រដ្ឋតិចសាស់ រដ្ឋអូហាយ៉ូ រដ្ឋអាឡាស្កា និងរដ្ឋអៃអូវ៉ា។ លោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះទាំងបួនរដ្ឋនេះ យ៉ាងងាយស្រួល កាលពីឆ្នាំ២០២៤ ប៉ុន្តែបេក្ខជនសាធារណរដ្ឋ ឥឡូវនេះ កំពុងតស៊ូនៅក្នុងការបោះឆ្នោតនៅតាមរដ្ឋនីមួយៗ។ ការបោះឆ្នោត នឹងចាប់ផ្ដើម នៅក្នុងរដ្ឋផ្សេងៗគ្នា នៅពេលវេលាខុសៗគ្នា ហើយជាទូទៅ ការរាប់សន្លឹកឆ្នោត នឹងចាប់ផ្តើម បន្ទាប់ពីការបិទការិយាល័យបោះឆ្នោត។ ទោះជាការប្រកាសលទ្ធផលជាផ្លូវការ អាចនឹងត្រូវចំណាយពេលរាប់ថ្ងៃក៏ដោយ ក៏បណ្តាញព័ត៌មាន ដែលតាមដានការបោះឆ្នោត ដូចជា The Associated Press ឬ Decision Desk HQ នឹងប្រកាសថា បេក្ខជនណាមួយ ជាអ្នកឈ្នះ ខណៈពួកគេវាយតម្លៃឃើញថា បេក្ខជនម្ខាងទៀត មិនអាចឈ្នះបានទៀតទេ ដោយផ្អែកលើទិន្នន័យស្ថិតិ។

ជាធម្មតា គណបក្សរបស់ប្រធានាធិបតី តែងតែស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែការបោះឆ្នោតនៅឆ្នាំ២០២៦ នេះ មានលក្ខណៈពិសេស ខុសប្លែកពីធម្មតា ដោយសារតែលោកប្រធានាធិបតី ត្រាំ គឺជាប្រធានបទតែមួយគត់ នៅក្នុងការបោះឆ្នោតនេះ។ សម្រាប់បេក្ខជន មកពីបក្សសាធារណរដ្ឋ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានក្លាយជាបន្ទុកដ៏ធ្ងន់មួយ ដោយសារតែការមិនចូលចិត្តចំពោះរូបលោក និងប្រតិកម្ម ប្រឆាំងនឹងគោលនយោបាយរបស់លោក ធ្វើឱ្យក្រុមអ្នកបោះឆ្នោត ងាកចេញពីគណបក្សមួយនេះ។ វិធានការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ បានបង្កការរំខានដល់សេដ្ឋកិច្ច វិស័យកសិកម្ម និងបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសកាណាដា ធ្វើឱ្យគណបក្សសាធារណរដ្ឋ ធ្លាក់ចូលក្នុងស្ថានភាព ត្រូវការពារខ្លួន នៅក្នុងការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភា ចាប់ពីរដ្ឋអ៊ីអូវ៉ា, មីឈីហ្គេន និងកាន់សាស់ រហូតដល់រដ្ឋណាប្រាស្កា, អូហាយ៉ូ និងម់ៃអាយនេ។ នៅក្នុងពេលជាមួយគ្នា សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ក៏បានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃ រហូតដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ដែលជាហេតុនាំឱ្យតម្លៃទំនិញស្ទើរតែគ្រប់មុខផ្សេងៗទៀត ឡើងថ្លៃ ទៅតាមនោះដែរ៕



