
រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃអង្គារទី៣ ខែវិច្ឆិកានេះ បានរិះគន់ចំពោះការអះអាងរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក ហៅកាត់ FBI ថា ខ្លួនជាអ្នកនៅពីក្រោយការលួចរូបិយប័ណ្ណគ្រីបតូ ក្នុងទំហំទឹកប្រាក់៦,៣ពាន់លានដុល្លារ ពីក្រុមហ៊ុនប្ដូរប្រាក់គ្រីបតូដ៏ធំបំផុតនៅលើពិភពលោករបស់ចិន Binance។ កូរ៉េខាងជើង ចាត់ទុកការចោទប្រកាន់នេះ ជា«ការញុះញង់ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមួយ» ដែលធ្វើឱ្យក្ដីសង្ឃឹម អំពីលទ្ធភាពនៃជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ ត្រូវរលាយបាត់ទៅវិញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Japan Timese។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានឱ្យដឹងថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលបំផុតរបស់មេដឹកនាំកូរ៉េខាងជើង បានហៅការអះអាងទាំងនោះថា ជា«វោហារសាស្ត្រដ៏គួរឱ្យអស់សំណើច និងមិនមែនជារឿងថ្មីអ្វីឡើយ»។ នេះក៏មិនមែនជាលើកទី១ដែរ ដែលសហរដ្ឋអាម៉េរិក ព្យាយាមផ្សព្វផ្សាយការយល់ខុស អំពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) (កូរ៉េខាងជើង) នៅក្នុងសហគមន៍អន្តរជាតិ ដោយចោទភ្ជាប់ប្រទេសនេះ ទៅនឹងករណី«ឧក្រិដ្ឋកម្មតាមអ៊ិនធើណេត ទាំងងងឹតងងុល ចំពោះរាល់ពេលដែលហេតុការណ៍បែបនេះ កើតឡើងនៅក្នុងកម្រិតអន្តរជាតិ»។

ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក FBI កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានឱ្យដឹងថា ក្រុមហេគឃ័រ ឈ្មោះ Trader Traitor មានទំនាក់ទំនងជាមួយកូរ៉េខាងជើង ជាអ្នកនៅពីក្រោយការលួចប្រាក់គ្រីបតូ រាប់ពាន់លានដុល្លារ ពីផ្លេតហ្វម Binance។ ក្រុមដដែលនេះ ក៏ត្រូវបានចោទប្រកាន់ថា ជាអ្នកលួចរូបិយប័ណ្ណគ្រីបតូ មានតម្លៃ១,៥ ពាន់លានដុល្លារ ពី Bybit កាលពីខែកុម្ភៈ ឆ្នាំ២០២៥។ ស្ត្រីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង រូបនេះ ហៅការអះអាងរបស់ FBI ថា ជា«ចេតនាដ៏អាក្រក់មួយ ដើម្បីបំផ្លាញមុខមាត់ប្រទេសលោកស្រី នៅលើឆាកអន្ដរជាតិ» នៅក្នុង«វិស័យថ្មីមួយ»៕




