ចិនព្រួយបារម្ភកាន់តែខ្លាំង ជុំវិញករណីពលរដ្ឋខ្លួនបាត់ជាបន្តបន្ទាប់ នៅប្រទេសថៃ
ហៀប ស៊ីថេត
•
មួយថ្ងៃមុន

រាជធានីបាងកក៖ ស្ថានទូតចិនប្រចាំរាជធានីបាងកក ទទួលបានការហៅទូរសព្ទលើសពី១០ដងជារៀងរាល់ថ្ងៃ ពីគ្រួសារដែលស្វែងរកព័ត៌មានអំពីជនជាតិចិនដែលបានបាត់ខ្លួន ឬជាប់នៅក្នុងប្រទេសថៃ នេះបើយោងតាមការទម្លាយឱ្យដឹងពីលោក ចាង ជៀនវៃ (Zhang Jianwei) អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសថៃ ចុះផ្សាយដោយសារព័ត៌មាន Asian Speech កាលពីថ្ងៃទី២វិច្ឆិកា...។

លោក ហ្សាង ជៀនវៃ
លោក ហ្សាង ជៀនវៃ

តួលេខនេះ កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសុវត្ថិភាពរបស់ពលរដ្ឋចិន ដែលធ្វើដំណើរទៅកាន់ប្រទេសថៃ បន្ទាប់ពីស្ថានទូតចិនចេញសេចក្តីណែនាំព្រមានមួយកាលពីថ្ងៃទី១៦ ខែតុលា ដោយក្រើនរម្លឹកពលរដ្ឋខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលទៅកម្សាន្តនៅប្រទេសថៃ។ សេចក្តីណែនាំរបស់ស្ថានទូត បានព្រមានពលរដ្ឋចិន ប្រឆាំងនឹងការផ្ដល់ការងារគួរឱ្យសង្ស័យដែលសន្យាផ្តល់ប្រាក់ខែខ្ពស់ខុសធម្មតា នៅលើបណ្តាញសង្គម, ការអញ្ជើញឱ្យទៅធ្វើការក្នុងវិស័យកម្សាន្ត ឬអាជីវកម្ម, និងការរៀបចំការដឹកជញ្ជូនដែលអាចនាំពួកគេទៅកាន់តំបន់ដាច់ស្រយាល តាមព្រំដែនថៃ-ភូមា ព្រោះប្រទេសទាំង២ គឺជាប្រទេសជិតខាងដែលមានភ្នំ និងទន្លេជាប់គ្នា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍អំពីករណីជនជាតិចិនជាច្រើននាក់ បានបាត់ខ្លួន ឬរងគ្រោះថ្នាក់ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមគ្រួសារនៅប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីណែនាំព្រមាននេះ បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ដោយអាជីវកម្មនានា ព្រួយបារម្ភថា ទស្សនវិស័យអវិជ្ជមានអាចធ្វើឱ្យភ្ញៀវទេសចរចិន រារែក មិនហ៊ានទៅកម្សាន្តនៅមុនរដូវវិស្សមកាលបុណ្យចូលឆ្នាំចិនខាងមុខ។ ជាមួយគ្នា រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ (สีหศักดิ์ พ่วงเกตุแก้ว) បានស្នើឱ្យស្ថានទូតចិន ធានាថា ការព្រមានអំពីសុវត្ថិភាពរបស់ខ្លួន នៅតែមានកម្រិតសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែង និងមិនបង្កឱ្យមានការភ័យស្លន់ស្លោជាសាធារណៈនោះទេ។ លើសពីនេះ លោក សីហស័ក្តិ​ ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ រវាងអាជ្ញាធរថៃ និងចិន ដើម្បីកំណត់អត្តសញ្ញាណ និងបំបែកបណ្តាញឧក្រិដ្ឋជន ដែលសង្ស័យថា បានរៀបចំសកម្មភាពជម្រិត និងកំណត់គោលដៅលើពលរដ្ឋចិន៕

លោក សីហស័ក្តិ ភួងកេតកែវ
លោក សីហស័ក្តិ ភួងកេតកែវ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត