មនុស្សសម្តីស្រី! នាយករដ្ឋមន្ត្រីថៃ និយាយតែឯងរឿង«មិនបើកទ្វារព្រំដែនឡើងវិញ»
ហៀប ស៊ីថេត
•
មួយម៉ោងមុន

រាជធានីបាងកក៖ រាជរដ្ឋាភិបាលកម្ពុជា បានរក្សាភាពស្ងប់ស្ងាត់ និងមិនដែលនឹកដល់រឿងបើកច្រកទ្វារព្រំដែនគោកជាមួយថៃម្ដងណាឡើយ ក្រៅតែពីការប្តឹងទាមទារដែនអធិបតេយ្យដែលថៃកំពុងឈ្លានពាន កាន់កាប់ដោយខុសច្បាប់។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បាននិយាយប្រាប់សារព័ត៌មានតែម្នាក់ឯងថា ប្រទេសថៃ មិនទាន់មានផែនការបើកច្រកទ្វារព្រំដែនជាមួយកម្ពុជាវិញ ឬស្តារទំនាក់ទំនងទ្វេភាគី ឱ្យត្រឡប់ទៅរកកម្រិតធម្មតាដូចមុនពេលផ្ទុះជម្លោះឡើយ។ យ៉ាងណា មហាជនបានសម្ដែងការហួសចិត្ត និងចាត់ទុក នាយករដ្ឋមន្ត្រីថៃ រូបនេះ ជាមនុស្សប្រុសសម្តីស្រី...។

ក្នុងកម្មវិធី «Talk with Anutin’s Cabinet» កាលពីថ្ងៃទី៣១តុលា អនុទីន បានរលាស់អណ្តាតថា ទាល់តែបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងវិវាទទឹកដី បទល្មើសឆ្លងដែន និងសន្តិសុខជាតិ ត្រូវបានដោះស្រាយជាមុនសិន ទើបរាជរដ្ឋាភិបាលថៃ ពិចារណាលើរឿងបើកព្រំដែនជាមួយកម្ពុជា ប៉ុន្តែពេលនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា ច្រកទ្វារព្រំដែន នឹងត្រូវបើកឡើងវិញនៅពេលណា។ លោកបន្ថែមថា បច្ចុប្បន្ន មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា ទំនាក់ទំនងជាមួយកម្ពុជា នឹងត្រឡប់ទៅរកកម្រិតដើមវិញនោះទេ រហូតទាល់តែការព្រួយបារម្ភរបស់ថៃ ត្រូវបានដោះស្រាយ រាប់បញ្ចូលទាំងវិវាទដីធ្លី និងដែនសមុទ្ទ បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃ។(sic)

លោកនាយករដ្ឋមន្ត្រី ពូកែក្អែសម្តី និងពោរពេញដោយជំនាញសិល្បៈរូបនេះ បានបន្ថែមថា ច្រកទ្វារព្រំដែនត្រូវបានបិទមួយរយៈមកហើយ..! រាជរដ្ឋាភិបាល ត្រូវបន្តផ្តល់អាទិភាពលើផលប្រយោជន៍ជាតិថៃជាចម្បង ក្នុងការទប់ស្កាត់ទំនិញ និងផលិតផលកសិកម្មខុសច្បាប់ មិនឱ្យចូលស្រុក ការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយបញ្ហាសន្តិសុខ មុននឹងពិចារណាស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។លោកអួតប្រាប់ពលរដ្ឋនិយមជ្រុលរបស់ថៃ ថា រាជរដ្ឋាភិបាលរបស់លោក នឹងមិនផ្លាស់ប្ដូរគោលនយោបាយដោយសារតែសម្ពាធនយោបាយនោះឡើយ ហើយនឹងមិនបណ្តោយឱ្យល្បែងនយោបាយ មកគ្របដណ្ដប់លើផលប្រយោជន៍ជាតិនោះដែរ។

លោកសង្កត់ធ្ងន់ថា៖«ចាប់តាំងពីច្រកទ្វារព្រំដែនត្រូវបានបិទ សូចនាករសេដ្ឋកិច្ចទាំងអស់ មានភាពល្អប្រសើរង ហើយប្រជាជនមានការពេញចិត្ត។ នៅពេលនេះ មិនទាន់មានសញ្ញាថា ទំនាក់ទំនងនឹងត្រឡប់ទៅរកកម្រិតដើមវិញទេ។ ប្រសិនបើយើងត្រូវចរចា គឺនៅមានច្រើនជំហានទៀត ដែលត្រូវធ្វើ។ នៅពេលនេះ យើងត្រូវធ្វើអ្វីដែលយើងចង់ធ្វើ»។ គួរបញ្ជាក់ថា ការអះអាងរបស់ អនុទីន គឺនិយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ ព្រោះថា ភាគីកម្ពុជា មិនដែលទាមទារឱ្យភាគីថៃ ចាក់សោរបងបើកទ្វារព្រំដែនឡើងវិញម្ដងណាឡើយ ហើយប្រជាពលរដ្ឋខ្មែរច្រើនលើសលុប មិនត្រូវការប្រើប្រាស់ទំនិញសៀមតទៅទៀតដែរ និងកំពុងបន្តឆន្ទៈរួមគ្នាជាធ្លុងមួយ ពហិការទំនិញសៀម ដើម្បីឆ្លើយតបទៅនឹងការរំលោភឈ្លានពាន យ៉ាងសាហាវព្រៃផ្សៃមកលើដែនអធិបតេយ្យកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត