ថៃបន្តរាយលួសបន្លា និងបញ្ចូនអាវុ.ធធុនធ្ងន់មកគំរាមកម្ពុជានៅភ្នំ៦៤២ ទាំងខ្លួនកំពុងកាន់កាប់ដីខ្មែរដោយខុសច្បាប់
ហៀប ស៊ីថេត
•
5 ម៉ោងមុន

ខេត្តបុរីរម្យ៖ មេបញ្ជាការយោធភូមិភាគ២ នៃកងទ័ពភូមិន្ទថៃ កាលពីថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២៦ បានចុះទៅកាន់ភ្នំ៦៤២ តាមបណ្តោយព្រំដែនថៃ-កម្ពុជា និងបានចំណាយពេលជាង២ម៉ោង ដើម្បីវាយតម្លៃទីតាំងភូមិសាស្ត្រ និងស្ថានការណ៍ មុនបញ្ជាឱ្យកងទ័ពពង្រឹងទីតាំងការពារដោយពង្រាយលួសបន្លា និងអាវុធធុនធ្ងន់។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ ខាវសដ...។

របាយការណ៍បានបង្ហាញដោយចោទកម្ពុជា ថា កងកម្លាំងថៃ បានកាត់ខ្សែពួរ ដែលចងភ្ជាប់នឹងដើមឈើដោយទាហានកម្ពុជា ក្នុងបំណងព្យាយាមតោងឡើងទៅកាន់កំពូលភ្នំចោត នៅភ្នំ៦៤២។ ក្រោយមក កងទ័ពថៃបានដំឡើងរបាំងលួសបន្លាតាមបណ្តោយជ្រលងភ្នំចោត និងរៀបចំកម្លាំងយោធានៅទីតាំងយុទ្ធសាស្ត្រនេះ។ លោក លោក វីរយុទ្ធ រ័ក្សសីល្ប៍ (วีรยุทธ รักสิน) មេបញ្ជាការយោធភូមិភាគ២ បានចុះទៅភ្នំ៦៤២ បានដាក់បទបញ្ជាផ្ទាល់ បន្ទាប់ពីសិក្សាសណ្ឋានដី និងវាយតម្លៃស្ថានការណ៍។ ជាមួយគ្នា កងកម្លាំងពិសេសទី៣របស់យោធាថៃឈ្លានពាន បានបំពាក់កម្លាំងទ័ព និងដំឡើងរបាំងបន្លាលួសរួចរាល់នៅសងខាងនៃកំពូលភ្នំចោត (ទាំងទិសខាងកើត និងខាងលិច)។ អាវុធធុនធ្ងន់ ក៏ត្រូវបានដឹកជញ្ជូនចូលទៅកាន់តំបន់នោះផងដែរ និងត្រៀមជាស្រេច ដើម្បីគាំទ្រប្រតិបត្តិការយោធា ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង។

មេបញ្ជាការកងទ័ពពិសេសថៃ ត្រូវបានរាយការណ៍ថា បានព្រមានកងកម្លាំងកម្ពុជា មិនឱ្យចូលក្នុងតំបន់នេះឡើយ និងថែមទាំងអះអាងក្នុងចេតនាទម្លាក់កំហុសលើយោធាកម្ពុជាទៀតថា ការរំលោភបំពាន ឬការខិតជិតមកកាន់ខ្សែបន្ទាត់ការពារ នឹងត្រូវឆ្លើយតបទៅតាមវិធានការប្រយុទ្ធយោធា ដែលបានកំណត់។ វិធានការទាំងនោះ នឹងចាប់ផ្តើមដោយការបាញ់កាំភ្លើងព្រមានទៅលើអាកាស។ ប្រសិនបើកងទ័ពនៅតែបន្តរំកិលចូលមកជិតរបាំងបន្លាលួស កាំភ្លើងគ្រាប់ពិតនឹងត្រូវប្រើប្រាស់ទៅតាមនីតិវិធី ដែលបានកំណត់។ មិនត្រឹមយោធាថៃឈ្លានពាន អះអាងក្នុងចេតនាគំរាមកំហែង និងបំភ្លៃការពិតទេ ពួកគេនិយាយយកល្អថា ប្រតិបត្តិការទាំងអស់ ត្រូវបានធ្វើឡើងស្របតាមវិធានការការពារខ្លួន និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសន្តិសុខនៅក្នុងដែនអធិបតេយ្យភាពថៃ ដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកនៅតែជាអាទិភាពចម្បង។

គួរបញ្ជាក់ថា ចាប់តាំងពីបើកការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា យោធាថៃ បានបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ជាច្រើនទីតាំង ហើយថែមទាំងចែកដីខ្មែរឱ្យពលរដ្ឋថៃ ធ្វើជាកម្មសិទ្ធិទៀតផង បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅរាជធានីគូឡាឡាំពួរ និងបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ក៏ដោយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត