កម្ពុជា-ចិន គ្រោងចុះ MoU ជំរុញជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងខេត្តគ័នស៊ូ ឡើងវិញ
S
Soriya Sou
•
03 វិច្ឆិកា 2026 09:45 AM

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញឱ្យមានការហោះហើរត្រង់ រវាងខេត្តគ័នស៊ូ មកខេត្តសៀមរាបឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦...។

លោក ហួត ហាក់ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកាម្សិលមិញ នៅទីក្រុងទុងហ័ង លោកបានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្ដូរទស្សនៈស៊ីជម្រៅជាមូយ លោក វូ សាវជុន (Wu Xiaojun) លេខាធិការបក្សខេត្តគ័នស៊ូ និងសហការីជាន់ខ្ពស់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងខេត្តគ័នស៊ូ។ ក្នុងនោះ លោក ហួត ហាក់ និង លោក វូ សាវជុន បានពិភាក្សា និងឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងជាក់ស្តែង។ ភាគីទាំងពីរ នឹងស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំ ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តគ័នស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនាពេលឆាប់ៗខាងមុខ ព្រមទាំងសហការរួមគ្នា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាប ដែលត្រូវបានរំពឹងថា ពិតជាជួយសម្រួលដល់ការធ្វើដំណើរ និងជួយជំរុញរំហូរភ្ញៀវទេសចរ រវាងគ្នាទៅវិញទៅមក។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាគីខេត្តគ័នស៊ូ ដែលតែងតែគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរប្រជាជន និងប្រជាជន វិស័យទេសចរណ៍ជាមួយកម្ពុជា ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»។ សូមជម្រាបថា វិស័យ​ទេសចរណ៍​កម្ពុជា ​ចាប់ផ្តើម​ងើបឡើង ​ខណៈ​កម្ពុជា​បានបង្កើន និងតភ្ជាប់​​ជើងហោះហើរ​ត្រង់​ជាមួយ​បណ្តា​ប្រទេស​ជាច្រើនឡើងវិញ ជាពិសេស ​ជាមួយ​ប្រទេស​ចិន ដែលជា​ប្រភពទេសចរ​សំខាន់របស់​កម្ពុជា​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត