
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៣កញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក យ៉ាង វៃលីន (Yang Weilin) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យសន្ដិសុខ ជាពិសេស ការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន...។

ក្នុងជំនួបផ្ទាល់ជាមួយសម្ដេចធិបតី អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។ លោកបានគូសរំលេចអំពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈការជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល និងការដំឡើងកម្រិតកិច្ចសន្ទនាពី ២+២ ទៅ ៣+៣ ដោយបន្ថែមក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។ លោក យ៉ាង វៃលីន ក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងកម្ពុជា និងចិន ដែលក្នុងនោះ រួមមានទាំងកិច្ចសហប្រតិបត្តិការលើការពង្រឹងសន្ដិសុខ, ការចែករំលែកព័ត៌មាន និងការពង្រឹងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា។ ចំពោះការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្ដេចធិបតី គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឱ្យអស់ពីទឹកដីកម្ពុជា។ ប៉ុន្តែពាក់ព័ន្ធនឹងកិច្ចការនេះ កម្ពុជាមិនអាចអនុវត្តតែម្នាក់ឯងបានទេ ពោលគឺទាមទារនូវកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាដៃគូ និងអ្នកពាក់ព័ន្ធនានា។ សម្ដេចធិបតីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងការជំរុញវិស័យទេសចរណ៍ និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ការទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ព្រោះកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងពោរពេញដោយការស្វាគមន៍រាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា៕




