ចិនអះអាង នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគម្រោងយុទ្ធសាស្ត្រសំខាន់ៗនៅកម្ពុជា
S
Soriya Sou
4 ម៉ោងមុន

ទីក្រុងសៀមិន៖ រដ្ឋាភិបាលចិន នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗរបស់កម្ពុជា ដែលជាមិត្តដែកថែបដ៏រឹងមាំរបស់ចិន។ នេះជាការលើកឡើងរបស់លោក ហាន ចឹង (Han Zheng) អនុប្រធានាធិបតី និងលោក ចូវ ហ្ស៊ូយី (Zhou Zuyi) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្ដចិន ប្រចាំខេត្តហ្វូជៀន​…។

ប្រមុខដឹកនាំជាន់ខ្ពស់ចិន ថ្លែងប្រាប់លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា-ចិន មិនត្រឹមតែជាទំនាក់ទំនងទ្វេភាគីធម្មតាទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដ៏រឹងមាំ ត្រូវបានពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន បានឈានដល់កម្រិតកំពូលមិនធ្លាប់មាន តាមរយៈ«កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងការរួមគ្នាកសាង «សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»។ លោក ស៊ុន ចាន់ថុល ក៏បានអរគុណដល់ភាគីមិត្តចិន ដែលបានគាំទ្រលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗតាំងពីដើមរៀងមក រួមទាំងគម្រោងជាប្រវត្តិសាស្ត្រ[ព្រែកជីកហ្វូណនតេជោ]ផងដែរ។

ជាការឆ្លើយតប ភាគីមិត្តចិនបានសម្ដែងក្ដីរំភើប និងកោតសរសើរចំពោះជំហរការទូតដ៏រឹងមាំរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការថែទាំវិនិយោគិនចិន និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតី «មិត្តភាពដែកថែប» ពិតៗ រវាងប្រទេសទាំងពីរ។ ភាគីចិន ក៏បានបង្ហាញឆន្ទៈថា នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗ ស្របតាមស្មារតីដែលបានព្រមព្រៀង ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ជាពិសេស អាជ្ញាធរខេត្តហ្វូជៀន នឹងបន្តជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងវិនិយោគិន ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ជាមួយគ្នានោះ ភាគីកម្ពុជា-ចិន ក៏បានសម្ដែងជំនឿជឿជាក់រួមគ្នា យ៉ាងមុតមាំថា លទ្ធផលនៃការពិភាក្សានេះ នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញទុនវិនិយោគបន្ថែម និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត