ចិនផ្ដល់«ដ្រូន» ហើយថែមទាំងជួយហ្វឹកហ្វឺនជំនាញប្រើដល់កម្ពុជា ដើម្បីគាំទ្រដល់ការងារបោសសម្អាតមីន
S
Soriya Sou
•
24 សីហា 2026 05:30 PM

រាជធានីភ្នំពេញ៖ កម្ពុជាទទួលបានយានគ្មានមនុស្សបើក ឬដ្រូន (Drone) ផ្ដល់ជូនដោយភាគីចិន ដើម្បីរួមចំណែកគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន…។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក លី គួតុង (Li Guodong) លេខាទី១នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងលោក ស៊ី ប៉េង (XU Peng) អគ្គនាយកក្រុមហ៊ុនចិន ហូប៉ុង (Hopong) បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់ និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់ដ្រូន សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅកម្ពុជា។ តាមរយៈព័ត៌មានបង្ហោះលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ហេង រតនា អះអាងថា ការនាំយកបច្ចេកវិទ្យាវៃឆ្លាតដ្រូនមកប្រើប្រាស់​ ពិតជាអាចជួយដល់ការពន្លឿនល្បឿន លើការងារស្រាវជ្រាវ ដាក់សញ្ញាសម្គាល់កំណត់ទីតាំង មានបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម​ និងកិច្ចប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត។

ជាមួយគ្នានេះដែរ អគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុន Hopong ដែលបានផ្តល់ការគាំទ្រដល់ប្រជាជន​ និងរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការពង្រឹងសមត្ថភាពម្ចាស់ការលើខឿនសេដ្ឋកិច្ចជាតិ ​ និងការពារជាតិ​ ជាពិសេសសកម្មភាពរបស់អង្គភាពស៊ីម៉ាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត