ពង្រឹងកិច្ចសហប្រតិបត្តិការ«ការពារជាតិ» មេទ័ពកំពូលកម្ពុជា-ចិន នឹងមានជំនួបទ្វេភាគីក្រៅកិច្ចប្រជុំថ្នាក់អន្តរជាតិ ស្តីពីការដោះស្រាយជម្លោះ
អុន សម្ផស្ស
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់អន្តរជាតិ។ បើតាមក្រសួងការពារជាតិកម្ពុជា ក្រៅតែពីចូលរួមវេទិកាអន្តរជាតិនេះ ប្រមុខការពារជាតិ កម្ពុជា-ចិន ក៏នឹងមានជំនួបទ្វេភាគី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ...។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង លោកនាយឧត្តមនាវី តុង ជុន (DONG Jun)
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង លោកនាយឧត្តមនាវី តុង ជុន (DONG Jun)

វេទិកាប៉េកាំងសៀងសាន លើកទី១៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងវេទិកា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី២ ក្រោមប្រធានបទ«ជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ»។ នៅក្រៅក្របខណ្ឌវេទិកា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង លោកនាយឧត្តមនាវី តុង ជុន នឹងជួបពិភាក្សាទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹងមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ បន្ថែមលើសនេះ តាមការគ្រោងទុក ប្រមុខការពារជាតិកម្ពុជា នឹងពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីមកពីប្រទេសឡាវ, វៀតណាម និងសិង្ហបុរី ព្រមទាំងតំណាងនៃប្រទេសនានាដែលចូលរួម និងដៃគូសន្ទនា។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា

ក្រសួងការពារជាតិ ចាត់ទុកកិច្ចប្រជុំទាំងនេះ នឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្ដូរទស្សនៈលើការវិវត្តនៃសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងតំបន់ផ្សេងទៀត៕    

រូបភាពឯកសារ៖ ពាក់ព័ន្ធវិស័យការពារជាតិកម្ពុជា
រូបភាពឯកសារ៖ ពាក់ព័ន្ធវិស័យការពារជាតិកម្ពុជា
រូបភាពឯកសារ៖ ពាក់ព័ន្ធវិស័យការពារជាតិកម្ពុជា
រូបភាពឯកសារ៖ ពាក់ព័ន្ធវិស័យការពារជាតិកម្ពុជា


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត