
រាជធានីបាងកក៖ មិនថ្នមសម្តី មិនប្រើភាសាការទូតអ្វីទៀតឡើយ! នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) ប្រឹងតាំងចិត្តធ្វើជាក្លាហាន ហាមាត់ប្រាប់ចំៗទៅកាន់រដ្ឋាភិបាលភូមា ឱ្យទប់ស្កាត់ការប្រយុទ្ធគ្នាជាមួយក្រុមការ៉ែន នៅតាមព្រំដែន ហើយព្រមានថា ការប្រយុទ្ធគ្នា កុំឱ្យប៉ះពាល់ដល់ទឹកដី និងប្រជាជនថៃឱ្យសោះ។ ជាមួយគ្នា លោក អះអាងថា រាជរដ្ឋាភិបាលថៃ បានបញ្ជាឱ្យបង្កើនកម្លាំងល្បាត និងពង្រឹងការត្រៀមខ្លួននៅតាមព្រំដែន...។

បើតាមសារព័ត៌មានថៃ ខាវសត លោក អនុទីន បានថ្លែងនៅមន្ទីរពេទ្យខេត្តណងខាយ (หนองคาย) នៅម៉ោង១ថ្ងៃត្រង់ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលថៃបានជូនដំណឹងជាផ្លូវការ អំពីក្ដីបារម្ភរបស់ខ្លួន ទៅកាន់រដ្ឋាភិបាលភូមារួចហើយ តាមរយៈយោធា និងការទូត បន្ទាប់ពីមានការផ្ទុះអាវុធនៅតាមព្រំដែនស្ទើររាល់ថ្ងៃ។ កាលពីទី៣១ ខែតុលា កន្លងទៅ លោក សីហស័ក្តិ ភួងកេតកែវ (สีหศักดิ์ พ่วงเกตุแก้ว) រដ្ឋមន្ត្រីការបរទេសថៃ និងមេបញ្ជាការកងទ័ពជាន់ខ្ពស់ខ្លួន បានបញ្ជូនសារទៅកាន់រដ្ឋាភិបាលភូមា ដោយស្នើឱ្យមានការប្រុងប្រយ័ត្នក្នុងប្រតិបត្តិការយោធា និងជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ទាំងសងខាង។

លោក អនុទីន បញ្ជាក់ថា ថៃនឹងកោះហៅមន្ត្រីស្ថានទូតភូមា ដើម្បីទៅស្ដាប់ និងទទួលដំណឹងជាផ្លូវការ អំពីក្ដីបារម្ភនេះ។ លោក និយាយយកចិត្តប្រជាជនថា ការប្រយុទ្ធគ្នានៅភូមា មិនពាក់ព័ន្ធនឹងថៃឡើយ ប៉ុន្តែថៃ ត្រូវការពារទឹកដីរបស់ខ្លួនឱ្យបានពេញលេញ។ លោក ទទួលស្គាល់ថា ការប្រយុទ្ធគ្នានេះ បានបង្កការខូចខាតខ្លះៗដល់ថៃ ដែលជាមូលហេតុចាំបាច់ឱ្យរាជរដ្ឋាភិបាល ត្រូវចេញសារព្រមានទៅកាន់ភូមា។

តាមពិត លោក អនុទីន គ្រាន់តែក្អកបន្តិចតាមក្រោយភូមាប៉ុណ្ណោះ។ ក្នុងអំឡុងពេលកំពុងវាយប្រហារលើកងកម្លាំងការ៉ែន ដែលផ្តាច់ខ្លួនពី ភូមា បានព្រមានថៃមុនថា នឹងវាយប្រហារបំផ្លាញឃ្លាំងទំនិញ ឬទីតាំងមួយចំនួននៅខាងថៃ បើថៃហ៊ានតែផ្គត់ផ្គង់ទំនិញ ឬសព្វាវុធទៅឱ្យក្រុមការ៉ែន។ ពេលអ្នកសែតសួរពីការព្រមានរបស់ភូមា ដែលកាសែតក្នុងស្រុកខ្លួនឯងចុះផ្សាយព្រោងព្រាត ហើយគេបានដឹងសឹងគ្រប់គ្នាទៅហើយនោះ លោក អនុទីន មិនហ៊ានផ្តល់ចម្លើយឡើយ បានត្រឹមដោះសារាក់កំភែលថា លោកមិនទាន់បានទទួលព័ត៌មាននេះទេ។

ចុះបើកងកម្លាំងខាងរដ្ឋាភិបាលភូមា និងកងកម្លាំងការ៉ែន នៅតែប្រយុទ្ធគ្នា ហើយផ្លោងគ្រាប់បន្តហោះចូលដីថៃទៀតនោះ ដោយមិនឈឺក្បាលវិលមុខជាមួយសម្តីលោក អនុទីន តើកងទ័ពថៃ នឹងចិត្តសឿងហ៊ានជូនគ្រាប់ទៅភូមាវិញដែរទេ? គេត្រូវដឹងត្រង់កន្លែងនេះឱ្យច្បាស់ថា មុន អនុទីន បំប៉ោងបំពង់កដំឡើងសំឡេងធ្វើឫកខ្លាំងដាក់ភូមា គឺកងទ័ពថៃ បានប្រកាសក្តែងៗរួចទៅហើយថា ត្រៀមប្រយុទ្ធតបតទៅវិញ បើខាងភូមានៅផ្លោងគ្រាប់ចូលដីថៃ។ លើសពីនេះ កងទ័ពថៃ ថែមទាំងបញ្ចេញយោធា បញ្ជូនសព្វាវុធ រួមទាំងយន្តហោះចម្បាំងទៅព្រំដែនភូមាទៀតផង ប៉ុន្តែជាក់ស្តែង ធ្វើឱ្យតែល្អមើល និងលួងចិត្តប្រជាជនខ្លួនប៉ុណ្ណោះ ដោយមិនហ៊ានបើកការប្រយុទ្ធតបតទៅភូមាវិញឡើយ។ យោធាថៃ ទើបតែដាច់ចិត្តកេះកៃបាញ់ចោលអស់ពីរបីគ្រាប់ប៉ុណ្ណោះ ក្រោយស្ត្រីជាពលរដ្ឋខ្លួនម្នាក់ ត្រូវគ្រាប់ដែលផ្លោងមកពីខាងភូមា៕




