ពូទីន ចាំតែលើកទទួលប៉ុណ្ណោះ ឱ្យតែហ្សេឡេនស្គី ហៅទូរសព្ទទៅ ឬជួបគ្នានៅរុស្ស៊ីផ្ទាល់ក៏បាន
Mao Sopha
•
9 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ មន្រ្តីវិមានក្រឹមឡាំង ប្រកាសពីគោលជំហររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា នឹងលើកទទួលទូរសព្ទនិយាយគ្នា បើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទាក់ទងទៅ។ ការប្រកាសនេះ កើតឡើងស្របពេលកិច្ចចរចាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម រវាងប្រទេសទាំងពីរ អាចនឹងបន្តនៅខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ 

លោក ហ្សេឡេនស្គី
លោក ហ្សេឡេនស្គី

លោក យូរី អ៊ូសាកូហ្វ (Yuri Ushakov) មន្រ្តីវិមានក្រឹមឡាំង និងជាជំនួយការរបស់លោក ពូទីន អះអាងនៅថ្ងៃទី១ ខែវិច្ឆិកាដូច្នេះថា៖«លោក ពូទីន មិនដែលបដិសេធការសន្ទនានោះទេ»។ លោក អ៊ូសាកូហ្វ លើកឡើងទៀតថា កន្លងមក លោក ហ្សេឡេនស្គី បានបញ្ជូនសញ្ញាតាមរយៈបណ្តាញផ្សេងៗ អំពីបំណងចង់ចរចាដោយផ្ទាល់ជាមួយលោក ពូទីន។ លោក អ៊ូសាកូហ្វ ថែមទាំងជំរុញមេដឹកនាំអ៊ុយក្រែន ថា បើពិតជាចង់ជួបចរចាមែន គឺអាចធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូបាន។ សម្តីរបស់មន្រ្តីក្រឹមឡាំងរូបនេះ ត្រូវបានរាយការណ៍ដោយសារព័ត៌មាន The Telegraph។

តើលោក ហ្សេឡេនស្គី នឹងដាក់ខ្លួន លើកទូរសព្ទហៅរកលោក ពូទីន ដែរឬទេ? មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីខាងលោក ហ្សេឡេនស្គី និងអ៊ុយក្រែននោះទេ។ មេដឹកនាំទាំងពីរ មិនបានជួបគ្នា ឬសន្ទនាតាមទូរសព្ទឡើយ ចាប់តាំងពីរុស្ស៊ី បើកការវាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២មក។ ការជួបគ្នាផ្ទាល់ចុងក្រោយរបស់លោកទាំងពីរ គឺនៅខែធ្នូ ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំមួយនៅបារាំង។

លោក ហ្សេឡេនស្គី និងលោក ពូទីន
លោក ហ្សេឡេនស្គី និងលោក ពូទីន

កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមានសហរដ្ឋអាម៉េរិកធ្វើជាអាជ្ញាកណ្ដាល ត្រូវបានរំពឹងថា នឹងរៀបចំឡើងនៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក្នុងខែវិច្ឆិកានេះ ដើម្បីពិភាក្សាអំពីលក្ខខណ្ឌនៃការឈប់បាញ់ និងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ ទោះបង្ហាញឆន្ទៈចង់ចរចាគ្នាបែបនេះក្ដី តែជាក់ស្តែង រុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារជាធម្មតា៕     

លោក ពូទីន និងលោក ត្រាំ
លោក ពូទីន និងលោក ត្រាំ
លោក ហ្សេឡេនស្គី និងលោក ត្រាំ
លោក ហ្សេឡេនស្គី និងលោក ត្រាំ
តំបន់មួយរបស់អ៊ុយក្រែន រងការវាយប្រហារពីរុស្ស៊ី។ 
តំបន់មួយរបស់អ៊ុយក្រែន រងការវាយប្រហារពីរុស្ស៊ី។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត