
រដ្ឋធានីកៀវ៖ រយៈពេល៤ឆ្នាំ និង៨ខែ ចាប់តាំងផ្ទុះសង្គ្រាមនៅខែកុម្ភៈ ឆ្នាំ២០២២ មកដល់ដល់ដំណាច់ខែតុលា ឆ្នាំ២០២៦ អ៊ុយក្រែន បានវាយបកត្រឡប់ទៅវិញ បណ្ដាលឱ្យកងទ័ពខាងរុស្ស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ទើរមិនគួរឱ្យជឿ គឺចន្លោះពី១,៤លាននាក់ ដល់២,១លាននាក់ បានស្លាប់ រងរបួស និងបាត់ខ្លួន។ នេះបើតាមការគណនារបស់សារព័ត៌មានអង់គ្លេស The Economist ហើយត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានអាម៉េរិក New York Post នៅថ្ងៃទី២ ខែវិច្ឆិកានេះ...។

ក្នុងចំណោមកងទ័ពរុស្ស៊ីខ្ទង់លាននាក់ ដែលរងការវាយប្រហារនេះ បើនិយាយតែពីអ្នកបាត់បង់ជីវិត គឺត្រូវប៉ាន់ប្រមាណថា អាចមានចន្លោះជាង៣៧ម៉ឺន ដល់៧៧ម៉ឺននាក់។ ត្រឹម១ខែតុលាប៉ុណ្ណោះ កងទ័ពរុស្ស៊ីជាង៥,៤ម៉ឺននាក់ ស្លាប់ របួស និងបាត់ខ្លួន ដោយសារការវាយប្រហារដ៏សន្ធឹករបស់អ៊ុយក្រែន។ ជាង៥,៤ម៉ឺននាក់នេះ ជាចំនួនខ្ពស់បំផុត ដែលកងទ័ពរុស្ស៊ីរងការវាយប្រហារ បើគិតតាមខែនីមួយៗ ចាប់តាំងពីផ្ទុះសង្គ្រាមមក។ តួលេខអំពីការវាយប្រហារលើកងទ័ពរុស្ស៊ី ប្រចាំខែតុលានេះ បង្ហាញឡើង ដោយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន និងត្រូវបានដកស្រង់ដោយ New York Post ដដែល។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) និយាយយ៉ាងមោទនភាពថា ថ្ងៃទី២១ ខែតុលា គឺជាថ្ងៃដែលកងទ័ពរុស្ស៊ី រងការខាតបង់ធ្ងន់ធ្ងរបំផុត ដោយមានចំនួនកងទ័ពជាង២,២ពាន់នាក់ រងការវាយប្រហារពីអ៊ុយក្រែន។ លោកប្រកាសថា កងកម្លាំងអ៊ុយក្រែន កំពុងរក្សាទីតាំងការពារ និងដណ្តើមយកទឹកដីមួយចំនួនត្រឡប់មកវិញ។ ជាមួយគ្នា មេបញ្ជាការកងកម្លាំងផ្នែកដ្រូនប្រយុទ្ធរបស់អ៊ុយក្រែន លោក រ៉ូប៊ឺត ប្រូហ្វឌី (Robert Brovdi) លើកឡើងថា គិតជាមធ្យម កងកម្លាំងដ្រូនអ៊ុយក្រែន បានវាយប្រហារទៅលើកងកម្លាំងរុស្ស៊ីជាង៥៤០នាក់ ក្នុង១ថ្ងៃៗ នៅខែតុលានេះ។

មួយរយៈចុងក្រោយនេះ អាវុធ ដែលអ៊ុយក្រែនប្រើញឹកញាប់ និងពឹងផ្អែកខ្លាំងជាងគេ គឺដ្រូនបៀមគ្រាប់ហោះទៅទម្លាក់ និងកម្ទេចលើទីតាំងឈរជើងរបស់រុស្ស៊ី។ ការប្រើប្រាស់ដ្រូនសម្រាប់តាមដាន និងវាយប្រហារពីសំណាក់អ៊ុយក្រែន ជាកត្តាមួយដែលរួមចំណែកដល់ការខាតបង់យ៉ាងសន្ធឹកសន្ធាប់របស់រុស្ស៊ី។ អ៊ុយក្រែន និងរុស្ស៊ី សុទ្ធតែអះអាងរៀងៗខ្លួនថា ដណ្តើមបានទឹកដីក្នុងខែតុលាដូចគ្នា ដោយអ៊ុយក្រែន អះអាងថា ដណ្តើមយកទឹកដីទំហំជាង៩៦គីឡូម៉ែត្រការ៉េ ត្រឡប់មកវិញ ខណៈរុស្ស៊ី អះអាងថា ដណ្តើមបានទឹកដីជាង៨៥គីឡូម៉ែត្រការ៉េ។

ចំពោះតួលេខនៃការខាតបង់កងទ័ពរុស្ស៊ីដ៏ច្រើនលើសលប់នេះ គឺជាការប៉ាន់ប្រមាណ និងផ្សព្វផ្សាយដោយអ៊ុយក្រែន និងសារព័ត៌មានបរទេសប៉ុណ្ណោះ ឯរុស្ស៊ីជាសាមីខ្លួន មិនបានបញ្ចេញតួលេខផ្លូវការនោះទេ។ គេក៏គួរដឹងថា ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏មានកងទ័ពកូរ៉េខាងជើងមួយចំនួន ចោលឆ្អឹងក្នុងសមរភូមិនេះដែរ ព្រោះកូរ៉េខាងជើង បានបញ្ជូនកងទ័ពមិនចេះតិចនោះទេ ទៅចូលរួមជាមួយរុស្ស៊ីជាសម្ព័ន្ធមិត្ត ផឹកឈាមរួមគ្នា ដើម្បីប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែន។ ទោះយ៉ាងណា អ៊ុយក្រែន ជួបវិនាសកម្ម និងទ្រោមខ្លួនក៏មិនស្ទើរដែរ។ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិរបស់សហរដ្ឋអាម៉េរិក (CSIS) រកឃើញថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារមក កងទ័ពអ៊ុយក្រែន ចន្លោះពីជាង១២ម៉ឺន ទៅ១៥ម៉ឺននាក់ បានបាត់បង់ជីវិត។

សហគមន៍អន្តរជាតិនានា ជាពិសេស បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប តែងអំពាវនាវឱ្យរុស្ស៊ី ជាប្រទេសធំជាងគេនៅលើពិភពលោក និងជាមហាអំណាចសព្វាវុធ ឱ្យបញ្ឈប់សង្គ្រាមលើកូនប្រទេសអ៊ុយក្រែន តែមិនបានផលអ្វីសោះឡើយ ក្រោតែពីធ្វើឱ្យរុស្ស៊ីពេបមាត់។ ក្រោយឃើញសង្គ្រាមនៅតែបន្ត បណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ក៏ជួយគាំទ្រដល់អ៊ុយក្រែន ក្នុងការផលិតអាវុធ ពិសេស ដ្រូនប្រយុទ្ធ ដើម្បីអាចមានលទ្ធភាពទប់ទល់នឹងមហាអំណាចនុយក្លេអ៊ែរុស្ស៊ី។ ដោយសារ បណ្តាប្រទេសទាំងនោះ ជួយអ៊ុយក្រែនបែបនេះហើយ ទើបរុស្ស៊ីអារម្មណ៍មិនល្អ ហើយទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុប ពេលនេះ កំពុងមានស្មាមប្រេះធំ។

ថ្មីៗនេះ អ៊ុយក្រែន ទើបទទួលលាភធំមួយទៀត គឺសហរដ្ឋអាម៉េរិក យល់ព្រមលក់មីស៊ីល Patriot ដល់៥០០គ្រាប់ ក្នុងតម្លៃជាង២ពាន់លានដុល្លារដល់អ៊ុយក្រែន តែប្រហែលត្រូវរង់ចាំដល់ឆ្នាំ២០២៣០ ឯណោះ ទើបទទួលបាន។ ត្រង់ចំណុចនេះ មេដឹកនាំអ៊ុយក្រែន ហាក់ដូចជាគិតបានរហ័សរហួន ដោយលើកយោបល់ឡើងថា សុំឱ្យសហរដ្ឋអាម៉េរិក បញ្ជូនមីស៊ីលប្រភេទនេះ ដែលមានក្នុងឃ្លាំងស្រាប់ទៅឱ្យអ៊ុយក្រែនសិន ព្រោះត្រូវប្រើប្រាស់បន្ទាន់ ហើយពេលមីស៊ីលថ្មី ត្រូវបានផលិតរួច ចាំដោះដូរយកទៅសងសហរដ្ឋអាម៉េរិកវិញ៕







