
ក្រុងសំរោង៖ មានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ករណីអំពើហិង្សាដ៏ឃោរឃៅមួយក្នុងរង្វង់គ្រួសារ ដែលបុរសជាឪពុកបង្កើតបានសម្រេចចិត្ត ប្រើប្រាស់កាំភ្លើងកែច្នៃបាញ់ប្រហារលើកូនប្រុសបង្កើតរបស់ខ្លួន បណ្ដាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអធ័ម...។

របាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅភូមិស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បណ្ដាលឱ្យយុវជនម្នាក់ឈ្មោះ រី រ៉ូ ស្លាប់ក្នុងថ្លុកឈាមដោយសារគ្រាប់កាំភ្លើងកែច្នៃ។ ក្រោយទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន រី អាយុ៦២ច្នៃ ជាឪពុកបង្កើតភ្លាមៗ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមផ្លូវច្បាប់។

បច្ចុប្បន្ន ជនជាប់ចោទជាឃាតកខាងលើ រួមជាមួយវត្ថុតាងអាវុធកែច្នៃ៣ដើម មន្រ្តីជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ។ រីឯមូលហេតុដែលឪពុកបង្កើត ដាច់ចិត្តផ្តាច់អាយុជីវិតកូនបង្កើតរបស់ខ្លួនឯងយ៉ាងសាហាវបែបនេះ នៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរនៅឡើយទេ៕






