ប្រមុខការទូតកម្ពុជា នឹងហោះទៅចិន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១
S
Sreyleak Yith
•
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន...។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំ នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) និងផ្លាស់ប្ដូរទស្សនៈលើទិសដៅ និងអាទិភាព នាពេលអនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសជាសមាជិករបស់មេគង្គឡានឆាង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

កិច្ចពិភាក្សា ក៏នឹងផ្តោតលើការជំរុញការអភិវឌ្ឍ លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ ក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋម​ន្ត្រីការបរទេសចិន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ មួយវិញទៀត ភាគីទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕

លោក វ៉ាង យី រដ្ឋម​ន្ត្រីការបរទេសចិន
លោក វ៉ាង យី រដ្ឋម​ន្ត្រីការបរទេសចិន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត