
រាជធានីភ្នំពេញ៖ ផ្ទៃដីដែលរងផលប៉ះពាល់ថ្មីដោយសារគ្រាប់បែកចង្កោម ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ មានទំហំធំជាងផ្ទៃដីទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមជាង៣០ឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន(TWG-MA) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ក្រោមមូលបទ«រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ៖ ការអំពាវនាវឱ្យមានសកម្មភាពជាសកល» លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា៖«ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ បានបង្កការគំរាមកំហែងថ្មី ដោយគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧។ តាមលទ្ធផលអង្កេតបឋម ផ្ទៃដីរងផលប៉ះពាល់ថ្មីនេះ មានទំហំធំជាងផ្ទៃដីចាស់ទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមជាង៣០ឆ្នាំមកនេះ»។ ក្នុងស្ថានភាពនេះ បានធ្វើឱ្យកម្ពុជា ប្រឈមនឹងបន្ទុកការងារសកម្មភាពមីនពីរក្នុងពេលតែមួយ គឺការបន្តដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអតីតកាល ដែលមិនទាន់បានបោសសម្អាត និងការឆ្លើយតបចំពោះគ្រោះថ្នាក់ថ្មី ដែលបង្កឡើងដោយគ្រាប់បែកចង្កោម។ លោកលើកឡើងថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក កម្ពុជាបានរំដោះផ្ទៃដីជាង ៣៦០០គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ ប្រមាណ៧៥ភាគរយនៃផ្ទៃដីដែលបានរំដោះ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ទោះជាយ៉ាងណា ផ្ទៃដីប្រមាណ១៦៨៩គីឡូម៉ែត្រក្រឡា នៅតែត្រូវការបោសសម្អាតបន្ត។ ចំពោះបញ្ហាប្រឈមថ្មី លោក លី ធុជ អំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន និងវិស័យឯកជន បន្តរួមគ្នាពង្រឹងការអង្កេត និងវាយតម្លៃទំហំផលប៉ះពាល់ថ្មី កំណត់ទីតាំងគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ ព្រមទាំងពង្រីកការអប់រំ កាត់បន្ថយហានិភ័យនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ទន្ទឹមនឹងនេះ លោកក៏បានជំរុញឱ្យបន្តគាំទ្រការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអតីតកាល ព្រមទាំងពង្រីកប្រភពធនធាន និងការចូលរួមពីវិស័យឯកជនក្នុងស្រុក ដើម្បីធានានិរន្តរភាពនៃសកម្មភាពមីន។

លោកសង្កត់ធ្ងន់ថា កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីសង្គ្រាមអតីតកាលឡើយ ហើយក៏មិនព្រងើយកន្តើយចំពោះការគំរាមកំហែងថ្មីៗដែរ។ ការដោះស្រាយបញ្ហាទាំងពីរនេះ ត្រូវធ្វើស្របគ្នា ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងផ្តល់ដីមានសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងន័យនេះ កម្ពុជានឹងបន្តបញ្ចប់បេសកកម្មទាំងពីរ ដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់ជីវិត ព្រមទាំងធានាឱ្យប្រជាពលរដ្ឋទទួលបានដីដែលមានសុវត្ថិភាព និងអនាគតប្រកបដោយសេចក្តីសង្ឃឹម។ បន្ថែមលើនោះ កម្ពុជាថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករ និងវិស័យឯកជន ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេស ការឆ្លើយតបទាន់ពេលវេលាចំពោះការគំរាមកំហែងថ្មីៗដែលបង្កឡើងដោយជម្លោះកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥៕
















