តៃវ៉ាន់-ហ្វីលីពីន ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្ទ ទប់ទល់សម្ពាធចិន
ហៀប ស៊ីថេត
•
15 ម៉ោងមុន

ក្រុងតៃប៉ិ៖ កោះតៃវ៉ាន់ និងហ្វីលីពីន កំពុងឈានជើងបង្កើនទំនាក់ទំនងដែនសមុទ្ទ សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើផ្ទៃសមុទ្ទ បន្ទាប់ពីបានរក្សាគម្លាតអស់ជាច្រើនទសវត្សរ៍ ខណៈនាវាចិនកំពុងបន្តដាក់គំនាបនៅដែនសមុទ្ទក្បែរច្រមុះកោះតៃប៉ិ និងលំហសមុទ្ទចិនខាងត្បូង។ នេះបើតាមខ្លឹមសារចុះផ្សាយដោយកាសែតជប៉ុន Nikkei Asia នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

កងឆ្មាំសមុទ្ទកោះតៃវ៉ាន់ កំពុងរៀបចំផែនការធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីននៅខែតុលាខាងមុខ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៤។ កាលពីពេលថ្មីៗនេះ តៃវ៉ាន់បានបរិច្ចាគនាវាល្បាតមួយគ្រឿងទៅឱ្យរដ្ឋធានីម៉ានីល ហើយក៏មានរបាយការណ៍ថា នាវាជើងទឹកតៃវ៉ាន់ដែលចូលនិវត្តន៍មួយគ្រឿងទៀតនឹងត្រូវផ្ទេរជូនហ្វីលីពីនទៀតផងដែរ។ ដោយឡែក ប្រទេសទាំង២ ក៏កំពុងពង្រឹងសម្រួចចង្កូមយោធាប្រឆាំងនឹងការឈ្លានពានតាមដែនសមុទ្ទរបស់ចិនផងដែរ រួមបញ្ចូលទាំងការតវ៉ាតាមផ្លូវការទូត និងការស្ទាក់ចាប់តាមសមុទ្ទ។ កាលពីដើមខែតុលានេះ កងឆ្មាំសមុទ្ទតៃវ៉ាន់បានប្រដេញនាវាពាក់កណ្តាលយោធាចិនចំនួន ៤គ្រឿង និងបានបាញ់ទឹកទៅលើទូកនេសាទចិនមួយគ្រឿង។ ជុំវិញសកម្មភាពនេះ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានថ្លែងថា តៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវលើផលវិបាកនៃសកម្មភាពនេះ ដោយមិនបានអធិប្បាយលម្អិតនោះឡើយ។

ក្រៅពីនេះ ហ្វីលីពីនក៏បានប្រដេញនាវាស្រាវជ្រាវរបស់ចិនចេញពីដែនទឹកផងដែរ ខណៈរដ្ឋធានីម៉ានីល និងប៉េកាំង មានទំនាស់ជាយូរណាស់មកហើយលើការទាមទារដែនដីត្រួតស៊ីគ្នានៅសមុទ្ទចិនខាងត្បូង ដោយភាគីចិនបានបដិសេធសេចក្តីសម្រេចអាជ្ញាកណ្ដាលអន្តរជាតិឆ្នាំ២០១៦ ដែលបានបដិសេធជំហររបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់ម្នាក់ ដែលពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយហ្វីលីពីន បានប្រាប់កាសែតជប៉ុន Nikkei Asia ដោយសុំមិនបញ្ចេញឈ្មោះថា៖«ក្នុងនាមជាប្រទេសជិតខាង... ប្រទេសទាំង២ ប្រឈមមុខនឹងឥរិយាបថពង្រីកដែនដី ការគំរាមកំហែង និងការឈ្លានពានរបស់ចិន»។ មន្ត្រីរូបនេះបានបន្ថែមថា៖«ស្របពេលដែលចិនព្យាយាមអះអាងពីការទាមទារដែនសមុទ្ទមិនពិតរបស់ខ្លួន តាមរយៈការប្រើប្រាស់ទាំងទ្រព្យសកម្មយោធា និងមិនមែនយោធា ដូចជាកងឆ្មាំសមុទ្ទ ឬនាវាស្រាវជ្រាវ វាជារឿងសំខាន់សម្រាប់តៃវ៉ាន់ និងហ្វីលីពីន ក្នុងការចូលរួមសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ និងផ្លាស់ប្ដូរបទពិសោធពាក់ព័ន្ធលើសន្តិសុខសមុទ្ទ»។

សូមជម្រាបថា ការព្រួយបារម្ភដែលកំពុងកើនឡើង គឺជាប្រតិបត្តិការអនុវត្តច្បាប់តាមសមុទ្ទរបស់ចិន នៅភាគខាងកើតនៃក៉តៃវ៉ាន់ ដែលបានចាប់ផ្តើមឡើងក្រោមលេសឆ្លើយតបនឹងកិច្ចពិភាក្សាព្រំដែនសមុទ្ទដែលជប៉ុន និងហ្វីលីពីន។ សកម្មភាពនេះបានបង្កឱ្យមានការភ័យខ្លាចនៅក្រុងតៃប៉ិ និងតំបន់ផ្សេងទៀត អំពីហានិភ័យកើនឡើងនៃការប៉ះទង្គិច ឬការប្រឈមមុខដាក់គ្នាដោយចៃដន្យ។ ទោះបីជាមានទំនាស់ដែនដីរួមជាមួយចិនក៏ដោយ តៃវ៉ាន់ និងហ្វីលីពីន មិនមែនតែងតែយល់ស្របគ្នាជានិច្ចនោះទេ។ ជាក់ស្តែង កាលពីឆ្នាំ២០១៣ ទំនាក់ទំនងបានរងការប្រេះឆាយ៉ាងខ្លាំង នៅពេលនាវាឆ្មាំសមុទ្ទហ្វីលីពីនបានបាញ់ទៅលើទូកនេសាទតៃវ៉ាន់ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត