ប្រសិនបើរុស្ស៊ី-ចិន រួមកម្លាំងគ្នា តើអាចយកឈ្នះសហរដ្ឋអាម៉េរិកបានដែរឬទេ...?
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

បទបរិយាយ៖ សំណួរនេះ ទាមទារឱ្យមានការពិនិត្យមើលសមតុល្យអំណាចយោធាយ៉ាងស៊ីជម្រៅ។ ប្រសិនបើបូកបញ្ចូនកម្លាំងយោធារបស់មហាអំណាចទាំង២ [រុស្ស៊ី-ចិន] គេនឹងទទួលបានទាហានសកម្មជាង៣លាន៣សែននាក់ និងរថក្រោះជាង ១១០០០គ្រឿង ហើយប្រសិនបើតម្រង់ជួររថក្រោះបន្តកន្ទុយគ្នា នោះនឹងមានប្រវែងជាង ៨០គីឡូម៉ែត្រ។ មហាអំណាចកុម្មុនីសនុយក្លេអ៊ែរទាំង២ បានខិតជិតគ្នាកាន់តែស្និទ្ធិដូចទឹក និងត្រី ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីសង្គ្រាមត្រជាក់បានបិទបញ្ចប់មក។ យ៉ាងណា មានមនុស្សជាច្រើនតែងចោទជាសំណួរថា ប្រសិនបើរុស្ស៊ី និងចិន រួមកម្លាំងគ្នា តើមានកម្លាំងយោធាប្រទេសទាំពីរខ្លាំងប៉ុណ្ណា..? ហើយ អាចយកឈ្នះសហរដ្ឋអាម៉េរិកបានទេ...?

ដើម្បីជាសម្មតិកម្ម ឈានទៅដល់ការបកស្រាយសំណួរខាងលើ យើងនឹងវិភាគលើសមត្ថភាពប្រយុទ្ធជាក់ស្តែង និងភាពខ្លាំងនៃអំណាចយោធារបស់ប្រទេសទាំងពីរជាមុនសិន។ ទី១.អំណាចដែនអាកាស៖ បើនិយាយរឿងយន្តហោះចម្បាំង ជំនាន់ទី៤ និង ៤.៥ រុស្ស៊ីមានយន្តហោះចម្បាំង Su-30, Su-34, និង Su-35 សរុបប្រហែល ៨៦០គ្រឿង។ ចំណែកឯចិន មាននាគរាជចម្បាំង J-10 និង J-16 ប្រហែល ១០០០គ្រឿង។ ប្រសិនបើបូកចូលគ្នា ពួកគេមានជាង២២០០គ្រឿង ខណៈសហរដ្ឋអាម៉េរិកមាន F-15, F-16, F-18 ត្រឹមតែ១៦០០គ្រឿងប៉ុណ្ណោះ។ សម្រាប់យន្តហោះចម្បាំងជំនាន់ទី៥ សហរដ្ឋអាម៉េរិក មានប្រៀបដាច់ជាមួយនឹង F-35 ជាង១៣១០គ្រឿង និងF-22 Raptor ១៨៣គ្រឿង សរុបប្រហែល១៥០០គ្រឿង។ ចំណែក រុស្ស៊ី មាន Su-57 ត្រឹម ២០ទៅ២៥គ្រឿង ខណៈចិនមាន J-20 ចន្លោះពី ២០០-៥០០គ្រឿង សរុបប្រហែល៥២៥គ្រឿងប៉ុណ្ណោះ។

រីឯយន្តហោះចម្បាំងជំនាន់ទី៦ ចិនបានបង្ហាញយន្តហោះគំរូ J-36 ជាសាធារណៈលើកដំបូង នៅចុងឆ្នាំ២០២៤ ហើយសហរដ្ឋអាម៉េរិក កំពុងអភិវឌ្ឍកម្មវិធី F-47។ យ៉ាងណាមិញ យន្តហោះសាកល្បង ២ទៅ៣គ្រឿង មិនទាន់បង្កើតបានជាកងពលប្រយុទ្ធនៅឡើយទេ។ ចំណែក យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ចិនមាន H-6 ជាង២០០គ្រឿង រុស្ស៊ីមាន១២០គ្រឿង ហើយសហរដ្ឋអាម៉េរិកមាន១៤០គ្រឿង ដោយក្នុងនោះ សហរដ្ឋអាម៉េរិកមាន B-2 Spirit ចំនួន១៩គ្រឿង ជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ដែលប្រឡូកជោគជាំក្នុងប្រតិបត្តិការសង្គ្រាមជាក់ស្តែង។ អ្វីដែលសំខាន់បំផុត គឺសហរដ្ឋអាម៉េរិកមានយន្តហោះចាក់ប្រេងលើអាកាសប្រហែល៦១០គ្រឿង សម្រាប់យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ខណៈចិនមានតែ៣៥គ្រឿង និងរុស្ស៊ីមាន១៥គ្រឿងបុណ្ណោះ។

ទី២.អំណាចដែនសមុទ្ទ៖ កងទ័ពជើងទឹកចិន មាននាវាចម្បាំង និងនាវាមុជទឹក ជាង ៣៧០គ្រឿង ក្លាយជាកងទ័ពជើងទឹកធំជាងគេលើលោក ធៀបនឹងសហរដ្ឋអាម៉េរិកមាន ២៩១គ្រឿង។ ទន្ទឹមនោះ ចិនបានដាក់ឱ្យប្រើយន្តការបាញ់ប្រហារដោយរលកធាតុអាកាស លើនាវាផ្ទុកយន្តហោះ Fujien និងនាវាចម្បាំង Sichuan។ បើនិយាយពីបំពង់បាញ់មីស៊ីលបញ្ឈរនៅលើនាវា សហរដ្ឋអាម៉េរិក មានបំពង់បាញ់សរុប ៨៤០០បំពង់លើនាវាផ្ទៃទឹក ខណៈចិនមានប្រហែល៤៣០០បំពង់។ អ្វីដែលគ្រប់គ្នាខ្លាចរអារនោះ គឺថាសហរដ្ឋអាម៉េរិកមាននាវាមុជទឹកនុយក្លេអ៊ែរ៧១គ្រឿង (រួមទាំងOhio-class ១៤គ្រឿង មានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រជិត៧០ភាគរយរបស់អាម៉េរិក)។ ចំណែកឯប្រទេសចិន មាន៣២គ្រឿង ទន្ទឹមនឹងរុស្ស៊ី មានអាវុធបញ្ជាក្រោមទឹក Poseidon ដែលអាចបង្កើតរលកយក្សរស៊ូណាមិនុយក្លេអ៊ែរបាន ប៉ុន្តែនៅឆ្នាំ២០២៦នេះ កងទ័ពជើងទឹករុស្ស៊ី លែងជាកងកម្លាំងសមុទ្ទទឹកជ្រៅទៀតហើយ ដោយសារកងនាវា ត្រូវបំបែកនៅតាមសមុទ្ទ៤ ដាច់ដោយឡែកពីគ្នា (សមុទ្ទខ្មៅ, បាល់ទិក, អាកទិក, ប៉ាស៊ីហ្វិក)។

ទី៣.ថវិកា រោងចក្រផលិតសព្វាវុធ និងរ៉ែកម្រ៖ អាម៉េរិកចំណាយ៩៥៤ពាន់លានដុល្លារ (ចូល១ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦) ផ្តោតលើសង្គ្រាមបច្ចេកវិទ្យាខ្ពស់។ ចិនចំណាយ៣៣៦ពាន់លានដុល្លារ ផ្តោតលើសង្គ្រាមក្នុងតំបន់។ រុស្ស៊ីចំណាយ ១៩០ពាន់លានដុល្លារ ផ្តោតលើសង្គ្រាមអូសបន្លាយ។ សូមជម្រាបថា សមត្ថភាពសាងសង់នាវារបស់ចិន មានទំហំធំជាងសហរដ្ឋអាម៉េរិក២៣២ដង (ចិនក្តោ​បក្តាប់ការបញ្ជាទិញសាងសង់នាវា៧១ភាគរយនៃពិភពលោក។ អាវុធសម្ងាត់របស់ចិន គឺរ៉ែកម្រ។ យន្តហោះ F-35 មួយគ្រឿង ត្រូវការសារធាតុរ៉ែកម្រជាង៤០០គីឡូក្រាម ហើយនាវាមុជទឹក ឬនាវាពីឃាតមួយគ្រឿង ត្រូវការពី២ទៅ៥តោន សម្រាប់ធ្វើមេដែកអចិន្ត្រៃយ៍ក្នុងប្រព័ន្ធបញ្ជា និងរ៉ាដា។ ចិនគ្រប់គ្រង៧០ភាគរយនៃអណ្តូងរ៉ែ និងជាង ៩០ភាគរយនៃសង្វាក់ផលិតកម្មកែច្នៃរ៉ែកម្រលើលោក ខណៈសហរដ្ឋអាម៉េរិកនាំចូលរ៉ែកម្រប្រហែល៧០ភាគរយពីចិន។ ប្រសិនបើបេកាំងបិទការនាំចេញ ខ្សែចង្វាក់ផលិតកម្ម F-35 និងអាវុធអាម៉េរិក នឹងត្រូវគាំងក្នុងរយៈពេលមិនដល់មួយឆ្នាំឡើយ។ សូមជម្រាបថា សហរដ្ឋអាម៉េរិក មានមូលដ្ឋានយោធាជាង៧៥០កន្លែង ក្នុង៨០ប្រទេស ខណៈចិនមានតែ១កន្លែងប៉ុណ្ណោះ នៅឌីជីប៊ូទី និងរុស្ស៊ីមានប្រហែល២០កន្លែង។

ទី៤.កងទ័ពជើងគោក និងមីស៊ីល៖ ចិន និងរុស្ស៊ី មានទាហានសកម្មរួមគ្នា ៣លាន៣សែននាក់ ខណៈសហរដ្ឋអាម៉េរិកមាន១លាន៣សែននាក់។ ចិន និងរុស្ស៊ី មានរថក្រោះ១១៥០០គ្រឿង និងសហរដ្ឋអាម៉េរិកមាន៤៥០០គ្រឿង។ រុស្ស៊ីផលិតគ្រាប់កាំភ្លើងធំបាន២សែន៥ម៉ឺនគ្រាប់ក្នុង១ខែ។ រុស្ស៊ីក៏គ្រោងផលិតដ្រូនចម្ងាយឆ្ងាយ ១សែន១ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៦។ ក្រៅពីនេះ ចិនមានមីស៊ីលចម្ងាយមធ្យម DF-26 ដែលអាចបាញ់ចម្ងាយ៤០០០គីឡូម៉ែត្រ និងមីស៊ីលលឿនជាងសំឡេង YJ-21។ បញ្ហាប្រឈមផ្នែកភស្តុភារនៅតែជាឧបសគ្គ ទោះបីជាមានកងទ័ពជើងគោកធំបំផុតក៏ដោយ ទាំងចិន និងរុស្ស៊ី គ្មានសមត្ថភាពដឹកជញ្ជូនកងទ័ពឆ្លងកាត់មហាសមុទ្ទចម្ងាយ៦០០០ ម៉ាយល៍ ទៅកាន់ដែនដីអាម៉េរិកបានឡើយ។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិកក៏មានវិបត្តិខ្វះខាតកម្លាំងពលកម្មផ្លូវសមុទ្ទស៊ីវិល នៅក្នុងបញ្ជាការដ្ឋាន Military Sealift Command ផងដែរ។ គួរបញ្ជាក់ថា រុស្ស៊ី និងចិន គ្មានទីបញ្ជាការយោធារួម (Joint Command) គ្មានសន្ធិសញ្ញាការពារជាតិរួមគ្នា ហើយក៏ក៏គ្មានកាតព្វកិច្ចផ្លូវច្បាប់ឱ្យចូលប្រយុទ្ធជំនួសគ្នាដែរ។

ជារួមមក បច្ចុប្បន្ន រុស្ស៊ី និងចិន មិនអាចវាយលុក ឬច្បាំងឈ្នះសហរដ្ឋអាម៉េរិកបានឡើយ ដោយសារ គ្មានសមត្ថភាពដឹកជញ្ជូនទ័ពឆ្លងមហាសមុទ្ទ កង្វះកងយន្តហោះចាក់ប្រេងតាមអាកាស និងការចាញ់ប្រៀបលើកងនាវាមុជទឹកយុទ្ធសាស្ត្រ និងយន្តហោះចម្បាំងបំកាយជំនាន់ទី៥។ លើសពីនេះ សហរដ្ឋអាម៉េរិក ក៏មិនអាចយកឈ្នះពួកគេបានដោយងាយស្រួលក្នុងសង្គ្រាមនេះដែរ ដោយសារ ចិនអាចកាត់ផ្តាច់ធាតុរ៉ែកម្រពេលណាក៏បាន ហើយសមត្ថភាពផលិតកម្មសាងសង់នាវារបស់ចិន និងការផលិតគ្រាប់រំសេវរបស់រុស្ស៊ី មានទំហំធំធេងជាងសហរដ្ឋអាម៉េរិក និងអឺរ៉ុប បូកបញ្ចូលគ្នាទៅទៀត។ យុទ្ធសាស្ត្រពិតប្រាកដរបស់រុស្ស៊ី និងចិន គឺការបំបែកកម្លាំងសហរដ្ឋអាម៉េរិក ជា២ទិស ហើយប្រើប្រាស់បណ្តាញផលិតកម្ម និងវត្ថុធាតុដើម ដើម្បីរង់ចាំឱ្យសហរដ្ឋអាម៉េរិកទន់ដៃ អស់កម្លាំង និងអស់ធនធានក្នុងសង្គ្រាមរយៈពេលវែង ទើបសង្ឃឹមហ៊ានច្បាំងតទល់មុខជាមួយគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត