
រាជធានីបាងកក៖ គ្រោះរញ្ជួយដីកម្រិត៣,៩រ៉ិចទ័រ បានវាយប្រហារខេត្តផាយ៉ៅ ភាគខាងជើងប្រទេសថៃ កាលពីវេលាម៉ោង១២:០១នាទីថ្ងៃត្រង់ថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

អាជ្ញាធរថៃ បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះកើតឡើងនៅជម្រៅជ្រៅត្រឹមតែ១គីឡូម៉ែត្រពីផ្ទៃដី ធ្វើឱ្យប្រជាពលរដ្ឋអាចសង្កេតឃើញ និងទទួលអារម្មណ៍ស្រាលៗ នៅទូទាំងស្រុកចំនួន៥ នៃខេត្តភាគខាងជើងមួយនេះ។ ភ្លាមៗបន្ទាប់ពីកើតហេតុ ការិយាល័យការពារ និងបន្ធូរបន្ថយគ្រោះមហន្តរាយ បានចុះសម្របសម្រួលជាមួយអាជ្ញាធរស្រុក និងអង្គភាពរដ្ឋបាលមូលដ្ឋាន ដើម្បីស៊ើបអង្កេតស្ថានភាព ដោយគិតត្រឹមពេលនេះ ពុំទាន់មានរបាយការណ៍អំពីការខូចខាត ឬគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋនៅឡើយទេ។

ដោយសារកម្រិតរំញ័រទាប ហេតុការណ៍នេះ មិនទាន់ឈានដល់កម្រិតដែលត្រូវបញ្ជូនសារប្រកាសអាសន្ន Cell Broadcast ទៅកាន់ទូរសព្ទដៃ ប្រជាពលរដ្ឋឡើយ។ ជាមួយគ្នា អាជ្ញាធរថៃ បានអំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងកុំមានការភ័យស្លន់ស្លោ៕



