យន្តហោះដាំក្បាលធ្លាក់ចុះដូចគ្រាប់មីស៊ីលនៅអាម៉េរិក មនុស្ស៩នាក់សុទ្ធតែបាត់បង់ជីវិត
Mao Sopha
•
6 ម៉ោងមុន

រដ្ឋហ្វ្ល័ររីដា៖ យន្តហោះឯកជនប្រភេទ Learjet 60 (លៀជេក៦០) បានធ្លាក់ចូលតំបន់លំនៅឋានមួយកន្លែងក្នុងទីក្រុង ផាម ប៊ីច (Palm Beach) រដ្ឋហ្វ្ល័ររីដា (Florida) សហរដ្ឋអាម៉េរិក ហើយភ្លាមៗ ក៏ផ្ទុះ​ និងមានអណ្តាតភ្លើងដ៏ធំ ឆាបឆេះឡើងតែម្ដង កាលពីអាទិត្យទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បណ្ដាលឱ្យអ្នកបើក និងអ្នកដំណើរទាំងអស់សរុប៩នាក់ ស្ថិតក្នុងយន្តហោះ បាត់បង់ជីវិតទាំងអស់...។ 

សារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកានេះថា យន្តហោះនោះ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Austin-Bergstrom (អរស្ទីន ប៊ើកស្ត្រូម) ក្នុងរដ្ឋតិចសាស់ (Texas) ឆ្ពោះទៅកាន់ប្រទេសបាហាម៉ា (Bahamas)។ រដ្ឋមន្ត្រីដឹកជញ្ជូនសហរដ្ឋអាម៉េរិក លោក សៀន ឌូហ្វ៊ី (Sean Duffy) ចាត់ទុកហេតុការណ៍នេះ ជាសោកនាដកម្មដ៏រន្ធត់សម្រាប់សហរដ្ឋអាម៉េរិក។ លោកបញ្ជាក់ថា មន្ត្រីផ្នែកអាកាសចរណ៍សហរដ្ឋអាម៉េរិក (FAA) បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីគាំទ្រដល់ការស៊ើបអង្កេតរបស់មន្រ្តីជំនាញ។

សំឡេងទំនាក់ទំនងគ្នា រវាងអ្នកបើក និងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលថតបានមុនពេលកើតហេតុ បានបង្ហាញថា អ្នកបើក បានរាយការណ៍អំពីយន្តហោះមានទឹកកក កកជាប់លើយន្តហោះ ហើយថែមទាំងជួបប្រទះនឹងបញ្ហាខ្វល់បោកបក់ខ្លាំងទៀតផង។ បន្ទាប់មក យន្តហោះ ក៏ចាប់ផ្តើមបាត់បង់កម្ពស់នៃការហោះហើរយ៉ាងលឿន (គឺចាប់ផ្តើមធ្លាក់ចុះមួយរំពេច)។ មុនពេលធ្លាក់ អ្នកបើក ឬ Pilot បានប្រកាសអាសន្ន និងនិយាយថា «យើងនឹងធ្លាក់ដល់ដីហើយ»។

អភិបាលរដ្ឋហ្វ្ល័ររីដា លោក រ៉ុន ដេសានធីស (Ron DeSantis) បានចុះទៅកាន់កន្លែងកើតហេតុ និងពិពណ៌នាថា គ្រោះថ្នាក់នេះ មានលក្ខណៈធ្ងន់ធ្ងរខ្លាំង។ លោក បន្តថា យន្តហោះហាក់ដូចជាមីស៊ីលដែលកំពុងធ្លាក់ចុះ ដោយបានបង្កើតរណ្តៅធំមួយនៅក្បែរផ្លូវ។ ទោះបីជាយន្តហោះធ្លាក់នៅក្បែរផ្ទះប្រជាពលរដ្ឋ និងមានរថយន្តចតទុកច្រើនក៏ដោយ ក៏មិនមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ ឬរងរបួសនៅលើដីដែរ ក្រៅតែពីអ្នកនៅលើយន្តហោះទាំង៩នាក់នោះ។ អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាម៉េរិក និងស្ថាប័នផ្នែកដឹកជញ្ជូន កំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។ អត្តសញ្ញាណអ្នកស្លាប់ទាំង៩នាក់ នៅលើយន្តហោះ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត