
រដ្ឋធានីវ៉ាស៊ីនតោន៖ រាប់ត្រឹមចន្លោះពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ សហរដ្ឋអាម៉េរិក បានជួបប្រទះករណីបាញ់ប្រហារដ៏រន្ធត់ និងគួរឱ្យភ័យខ្លាចជាបន្តបន្ទាប់ ស្ទើរមិនដាច់ នៅតាមទីក្រុងនានាក្នុងអំឡុងពិធីបុណ្យហាឡូវីន (Halloween) ជាប្រពៃណីរបស់ខ្លួន។ ហេតុការណ៍បាញ់ប្រហារដ៏ព្រឺព្រួចទាំងនេះ បណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ខណៈប៉ូលិសកំពុងស៊ើបអង្កេតករណីនីមួយៗ...។

យោងតាមសារព័ត៌មាន AP ការបាញ់ប្រហារដ៏សាហាវបំផុត កើតឡើងនៅតំបន់ ឌីប អែលលូម (Deep Ellum) ក្នុងទីក្រុងដាឡាស់ (Dallas) រដ្ឋតិចសាស់ (Texas) ដោយមានការបាញ់ប្រហារចំនួន៣លើកផ្ទួនៗ ក្នុងរយៈពេលប្រហែល១ម៉ោង១៥នាទី។ ហេតុការណ៍នេះ បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និង១៥នាក់រងរបួស។ ប៉ូលិសកំពុងស៊ើបអង្កេតថា តើការបាញ់ប្រហារទាំង៣លើកនេះ មានទំនាក់ទំនងនឹងគ្នា ឬយ៉ាងណា?...។

នៅទីក្រុងប៊ើមីងហាំ (Birmingham) រដ្ឋអាឡាបាម៉ា (Alabama) មានមនុស្សម្នាក់ស្លាប់ និង៨នាក់រងរបួស ដោយសារត្រូវគ្រាប់កាំភ្លើង ក្នុងការបាញ់ប្រហារចំនួន២លើក នៅក្បែរកីឡដ្ឋានលីជឹន ហ្វ៊ីល (Legion Field) បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ឱបរវាងសាកលវិទ្យាល័យ២ ដែលមានអ្នកចូលរួមទស្សនាជិត៧ម៉ឺននាក់។ ប៉ូលិសរកឃើញ និងរឹបអូសអាវុធជាច្រើនដើម នៅកន្លែងកើតហេតុ។ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ទីស្នាក់ការប៉ូលិស ដើម្បីសាកសួរ។

នៅទីក្រុងនូអ៊ើក (Newark) រដ្ឋដេឡាវែ (Delaware) មានមនុស្ស៦នាក់ បានរងការបាញ់ប្រហារនៅក្បែរសាកលវិទ្យាល័យមួយ។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ នៅទីក្រុងប្ល៊ូមីងតុន (Bloomington) រដ្ឋអ៊ីលីណយ (Illinois) ក៏មានការបាញ់ប្រហារនៅក្បែរសាកលវិទ្យាល័យបែបនេះដែរ បណ្ដាលឱ្យនាវីអាយុ១៩ឆ្នាំម្នាក់ស្លាប់ ស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្ស៦នាក់ផ្សេងទៀត រងរបួស (តែមិនគំរាមកំហែងដល់អាយុជីវិតឡើយ)។ នៅទីក្រុងហ្វាយ៉េថេវីល (Fayetteville) រដ្ឋអាកាន់សាស់ (Arkansas) មានមនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសដោយត្រូវគ្រាប់កាំភ្លើង ក្នុងហេតុការណ៍បាញ់ប្រហារនៅក្បែរសាកលវិទ្យាល័យស្រដៀងដូចករណីមុនៗដែរ។ បើតាមប៉ូលិស ការបាញ់ប្រហារនេះ កើតឡើងបន្ទាប់ពីមានជម្លោះ។

ក្រៅពីនេះ នៅមានការបាញ់ប្រហារនៅហាងលក់សម្ភារបុណ្យហាឡូវីន ចំនួន២កន្លែងទៀត។ ក្នុងទីក្រុងហ្វែហ្វ៊ីល (Fairfield) រដ្ឋកាលីហ្វ្ល័រញ៉ា ស្ត្រីមានផ្ទៃពោះម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត និងមនុស្ស៦នាក់រងរបួស ដោយប៉ូលិស ចាត់ទុកថាជាការវាយប្រហារ ដែលមានគោលដៅច្បាស់លាស់។ ក្នុងទីក្រុងម៉ាឌីសុន ហាយ (Madison Heights) រដ្ឋមីឈីហ្កែន បុរសអាយុ២១ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់។ ករណីបាញ់ប្រហារទាំងនេះ ភាគច្រើនកើតឡើងនៅតំបន់កម្សាន្តពេលរាត្រី ដោយមានមនុស្សច្រើនកុះករ ហើយជាទូទៅ ពួកគេនាំគ្នាតុបតែងខ្លួនជាខ្មោចក្នុងពិធីបុណ្យហាឡូវីន។ តំបន់ក្បែរសាកលវិទ្យាល័យ ក៏ផ្ទុះការវាយប្រហារច្រើនដែរ៕






