កម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ៧នាក់បន្ថែម ករណីបាញ់បោះសេរី និងបោកគ្រាប់បែកនៅក្រុងប៉ោយប៉ែត
ហាក់ អ៊ីឌី
•
5 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ កម្លាំងជំនាញនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្ដៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៧នាក់បន្ថែម ដែលជាបក្ខពួកក្រុមប្រើប្រាស់អាវុធបាញ់បោះសេរី និងបោកគ្រាប់បែក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កាលពីអំលុងខែតុលា...។  

ផ្អែកតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ការចុះស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបក្រុមប្រើប្រាស់អាវុធខុសច្បាប់ និងបោកគ្រាប់បែកនេះ ធ្វើឡើងក្រោយទទួលព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ថា មានករណីមនុស្ស២ក្រុមកាប់គ្នាទៅវិញទៅមក ឈាន់ដល់ការផ្ទុះអាវុធ​ និងបោកគ្រាប់បែកដៃ បណ្ដាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រាះនៅឯមន្ទីរពេទ្យ។ ភ្លាមៗ..សមត្ថកិច្ចមូលដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដើម្បីធ្វើការសាកសួរព័ត៌មាន។ 

ទោះយ៉ាងណា ក្រោមកិច្ចសហការរវាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានបន្តតាមក្របួចអ្នកពាក់ព័ន្ធ៧នាក់បន្ថែមទៀត(សរុប១០នាក់)យកមកបន្តនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនជាប់ចោទទាំងអស់ និងវត្ថុតាងអាវុធខ្លីម៉ាក Sig Sauer P365 ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់សំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត