
ក្រុងព្រះសីហនុ៖ ជារឿងដ៏គួរឱ្យហួសចិត្តបំផុត នៅពេលប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចេញមកសារភាពថា លោកជាអ្នកបង្ហោះសារសុំ ដ្រូន និងម៉ូតូធំ ពីអ្នកលក់ឡេអនឡាញលើហ្វេសប៊ុកមន្ទីរទេសចរណ៍ប្រាកដមែន ខណៈពីមុនលោកកុហកថា មាន "គេ Hack"ផេកយក...។

តាមរយៈវីដេអូឃ្លីបប្រមាណជាង១នាទី ដែលត្រូវបានបង្ហោះចែកចាយពេញបណ្ដាញសង្គម កាលពីថ្ងៃទី០១វិច្ឆិកា ឆ្នាំ២០២៦ បុរសម្នាក់ដែលមានឈ្មោះថា សុខ សីហា មានតួនាទី ជាប្រធានការិយាល័យផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចេញមុខមកសុំទោសជាសាធារណៈ នឹងសារភាពថា រូបលោកពិតជាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរ ដើម្បីស្នើសុំជំនួយពីអ្នកលក់ផលិតផលអនឡាញ ក្នុងគោលបំណងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប្រាកដមែន។ បន្ថែមលើនេះ ក្រៅពីការសុំអភ័យទោសនូវទង្វើភូតភរថ្នាក់លើ និងមហាជននោះ លោកប្រធានការិយាល័យផ្សព្វផ្សាយរូបនេះ ក៏បានអះអាងថា នឹងមិនមានរូបភាពបែបនេះកើតឡើងទៀតឡើយ ហើយរូបលោកក៏ហ៊ានប្រឈមចំពោះមុខច្បាប់ដែរ។

សូមជម្រាបថា ហេតុការណ៍នេះ ចាប់ផ្តើមឡើង បន្ទាប់ពីមានការសរសេរសារស្វែងរកកិច្ចអន្តរាគមន៍ ឬសុំជំនួយពីអ្នកលក់អនឡាញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ធ្វើឱ្យមានការឆ្ងល់ និងរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ ដើម្បីដោះស្រាយស្ថានការណ៍ចំពោះមុខ និងគេចវេះពីការរិះគន់ មន្ត្រីរូបនោះ បានចេញមុខបដិសេធភ្លាមៗ ដោយអះអាងថា ក្រុមការងារត្រូវជនអនាមិក Hack ចូលគ្រប់គ្រងលើផេកហ្វេសប៊ុក។ យ៉ាងណា ភាពក្រឡេចក្រឡុចពុតត្បុតដ៏អាក្រក់នេះ មិនអាចលាក់បាំងបានយូរឡើយ។ នៅពេលនេះ មន្ត្រីខាងលើ បានចេញមុខទទួលស្គាល់ការពិតឡើងវិញថា គ្មានការ Hack អ្វីទាំងអស់ ពោលគឺរូបលោកផ្ទាល់ ជាអ្នកបង្ហោះសារនោះ ដើម្បីសុំជំនួយពីអ្នកលក់អនឡាញ។ (ទំនងទទួលបទបញ្ជាពីថ្នាក់លើ) ទើបចេញមុខមកសារភាពបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ ការបកស្រាយផ្លាស់ប្ដូរសម្តី១៨០ដឺក្រេនេះ ធ្វើឱ្យមហាជន និងអ្នកលេងបណ្តាញសង្គមសម្ដែងការ"អស់សំណើច" និងរិះគន់យ៉ាងចាស់ដៃបន្ថែមទៀត ជុំវិញទង្វើខ្វះភាពស្មោះត្រង់ គ្មានវិជ្ជាជីវៈជាមន្ត្រីរាជការសាធារណៈ និងបានយកពាក្យ "គេ Hack" មកធ្វើជាលេសដោះសារ ដូចក្មេងលេងដី ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ។ បច្ចុប្បន្ន សាធារណជនកំពុងរង់ចាំមើលថា តើថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រធានមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មានចំណាត់ការវិន័យបែបណា ចំពោះមន្ត្រីរូបនេះ ដើម្បីជាគំរូដល់មន្ត្រីរាជការសាធារណៈដទៃទៀត កុំឱ្យយកគំរូតាម?..៕



