គណៈកម្មការផ្សះផ្សា UNCLOS លើកទឹកចិត្តកម្ពុជា-ថៃ ដំឡើងកម្រិតតំណាងការទូតពង្រឹងទំនុកចិត្ត
អ
អុន សម្ផស្ស
•
20 តុលា 2026 10:30 AM

ទីក្រុងឡាអេ៖ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ទ (UNCLOS) បានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតតំណាងការទូតរវាងប្រទេសទាំងពីរ តាមរយៈការតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត ក្នុងគោលបំណងពង្រឹងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាដោះស្រាយវិវាទ។ ក្រសួងការបរទេសកម្ពុជា ចេញផ្សាយសេចក្តីប្រកាសព័ត៌មាននេះ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦...។

តាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ដែលបានចេញផ្សាយក្រោយកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សា នៅទីក្រុងឡាអេ ប្រទេសហូឡង់ វិធានការនេះ​ ជាផ្នែកមួយនៃសំណុំវិធានការកសាងទំនុកចិត្ត ដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នា។ គណៈកម្មការផ្សះផ្សា បានសង្កត់ធ្ងន់លើសារសំខាន់ នៃការអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលកម្ពុជា និងថៃ ធ្លាប់បានព្រមព្រៀងគ្នាកន្លងមក ដោយកត់សម្គាល់ថា ការឯកភាព និងវិធានការមួយចំនួនមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ ក្នុងបរិបទនេះ គណៈកម្មការផ្សះផ្សា ជំរុញឱ្យភាគីទាំងពីរបន្តចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។

ការដំឡើងកម្រិតតំណាងការទូត តាមរយៈការតែងតាំងតំណាងជាន់ខ្ពស់ប្រចាំនៅរាជធានីរបស់ប្រទេសម្ខាងទៀត ត្រូវបានលើកឡើងជាវិធានការមួយក្នុងចំណោមវិធានការសំខាន់ៗសម្រាប់ជំរុញទំនាក់ទំនង និងការប្រាស្រ័យទាក់ទងរវាងភាគីទាំងពីរ។គណៈកម្មការផ្សះផ្សា ក៏បានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ ចូលរួមដោយបើកចំហ និងស្ថាបនា លើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនទឹក តាមរយៈក្រុមការងារមួយក្រោមការដឹកនាំរបស់គណៈកម្មការ។ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តសកម្មភាព និងវិធានការនានា ដែលអាចជួយពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទន្ទឹមនេះ កម្ពុជា និងថៃ បានទទួលស្គាល់សិទ្ធិរបស់ខ្លួន ក្នុងការចេញសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់ ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់ ប៉ុន្តែក៏បានប្តេជ្ញាអនុវត្តការអត់ធ្មត់ក្នុងទំនាក់ទំនងសាធារណៈ ដើម្បីជៀសវាងការបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ។

សូមរំឭកថា ទំនាក់ទំនងការទូតកម្ពុជា-ថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុត បន្ទាប់ពីមានការផ្ទុះអាវុធរវាងកងទ័ពប្រទេសទាំងពីរនៅតាមបណ្តោយព្រំដែន រួមទាំងករណីយោធាថៃលួចចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងការប៉ះទង្គិចនៅខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថៃបានសម្រេចចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជា ដោយកោះហៅឯកអគ្គរាជទូតខ្លួនចេញពីរាជធានីភ្នំពេញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ចេញពីរាជធានីបាងកក។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤កក្កដា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារក្នុងស្ថានទូតកម្ពុជា នៅរាជធានីបាងកក ឱ្យត្រឡប់មកប្រទេសវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត