
ក្រុងស្ទឹងសែន៖ យោធាខេត្តកំពង់ធំ ដឹកនាំឱ្យលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានសហការជាមួយមន្ត្រីជលផល ចុះទប់ស្កាត់បទល្មើសនេសាទលៀសដោយប្រើឧបករណ៍ខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប ដោយមន្ត្រីជំនាញចាប់បានទូកប្រព្រឹត្តបទល្មើសជាច្រើនគ្រឿងផងដែរ...។

យោងតាមការឱ្យដឹងពីមន្ត្រីជលផល ដែលបានចូលរួមចុះបង្ក្រាបបទល្មើសផ្ទាល់ជាមួយកងកម្លាំងយោធា បានឱ្យដឹងថា នៅវេលាម៉ោង៤ៈ៣០នាទីទាបភ្លឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងជាសមាជិកគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប បានបញ្ជាដល់ទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង បានសហការជាមួយមន្ត្រីជលផល ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទលៀស ដោយកម្លាំងម៉ាស៊ីននៅតំបន់អភិរក្ស និងការដឹកជញ្ជូនលៀសខុសច្បាប់។

ក្នុងពេលជាមួយគ្នានោះ កងកម្លាំងបានរឹបអូសទូក កាណូតបានចំនួន៦គ្រឿង ចាក់លែងសត្វលៀស ដែលនេសាទដោយប្រើឧបករណ៍ហាមឃាត់ខុសច្បាប់ ប្រមាណជាង៣តោន។ ប្រមូលយកកញ្ច្រែងឧបករណ៍នេសាទលៀសខុសច្បាប់មួយចំនួន នឹងធ្វើកិច្ចសន្យាអប់រំប្រជាពលរដ្ឋចំនួន២៧នាក់ និងកំណត់ឱ្យបញ្ឈប់សកម្មភាពនេសាទលៀសខុសច្បាប់ នៅតំបន់អភិរក្សបាឡត ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នេះបន្តទៀតដាច់ខាត។ ករណីកងកម្លាំងចាប់បានជាថ្មី នោះនឹងដោះស្រាយតាមផ្លូវច្បាប់ជាធរមាន។ សូមជម្រាបថា ការនេសាទសត្វលៀសនៅលើផ្ទៃបឹងទន្លេសាប មិនត្រូវបានអាជ្ញាធរហាមឃាត់ឡើយ ប៉ុន្តែការប្រើឧបករណ៍នេសាទខុសច្បាប់ គឺជាការហាមឃាត់ ព្រោះវាអាចនឹងបាត់បង់ពូជលៀសអស់ពីផ្ទៃបឹងទន្លេសាប នាពេលអនាគត បើគ្មានការទប់ស្កាត់ទេនោះ៕







