រកឃើញសត្វស្លាប៨០ប្រភេទ និងសំបុកជាង១ពាន់នៅតំបន់បឹងព្រែកល្ពៅ តែកំពុងប្រឈមហានិភ័យដោយទឹកជំនន់
S
Soriya Sou
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោមកិច្ចសហការ និងការគាំទ្រពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) ក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ បានកត់ត្រាឃើញសត្វស្លាបចំនួន៨០ប្រភេទ និងរកឃើញសំបុកសត្វស្លាបប្រមាណជាង១ពាន់សំបុក...។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងនៅចុងសប្ដាហ៍នេះថា ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានបន្តកិច្ចខិតខំប្រឹងប្រែងការពារតំបន់ដីសើមដ៏មានសារសំខាន់ តាមរយៈការល្បាត ការអនុវត្តច្បាប់ ការផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ និងការតាមដានជីវចម្រុះ។ ជាលទ្ធផល ក្រុមការងារបានចុះល្បាតសរុបចំនួន៥៧លើក តែមិនបានជួបប្រទះបទល្មើសធនធានធម្មជាតិណាមួយ ក្នុងអំឡុងពេលចុះល្បាតឡើយ។ តាមរយៈការតាមដានជីវចម្រុះ ក្រុមការងារបានកត់ត្រាសត្វស្លាបសរុបចំនួន៨០ប្រភេទ រួមមាន៖ ទុងប្រផេះ និងរនាលសជាដើម។ លើសពីនេះ ក្រុមការងារក៏បានកត់ត្រាសំបុកសត្វស្លាប៦ប្រភេទ សរុបចំនួន១១៧៩សំបុក រួមមាន៖ សំបុកសត្វខ្វែកចំនួន៦៥៣, ក្រសាធ្នង់ចំនួន១៩២, ក្រសាប្រផេះចំនួន២៣៧, ក្អែកទឹកតូចចំនួន៨២ និងកុកគ្រោងតូចចំនួន១៥។ ចំណែកសត្វស្មោញ ក៏ត្រូវបានសង្កេតឃើញថា កំពុងចាប់ផ្តើមធ្វើសំបុកផងដែរ។ ទោះបីមានកិច្ចខិតខំប្រឹងប្រែងអភិរក្សក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន។ ក្នុងចំណោមសំបុកសត្វជាង១ពាន់ដែលត្រូវបានរកឃើញ មានសំបុកជាង២០០កំពុងប្រឈមនឹងហានិភ័យដោយសារទឹកជំនន់។

បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា ចំនួនដើមឈើដែលសត្វស្លាបប្រើសម្រាប់ធ្វើសំបុក មានការថយចុះ ហើយដើមឈើមួយចំនួនមានស្ថានភាពមិនល្អ ដែលធ្វើឱ្យជម្រកពងកូនតែងងាយរងគ្រោះ ជាពិសេស ដោយសារទឹកជំនន់។ កត្តាទាំងនេះ អាចជាមូលហេតុមួយ ធ្វើឱ្យចំនួនសំបុកដែលបានកត់ត្រាក្នុងឆ្នាំនេះ មានការថយចុះ បើធៀបនឹងឆ្នាំមុន។ គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២៦នេះ ក្រុមការងារជំនាញមិនទាន់សង្កេតឃើញសត្វចង្កៀលខ្យង ចាប់ផ្ដើមធ្វើសំបុក និងបង្កាត់ពូជនៅតំបន់នេះនៅឡើយទេ។ ក្នុងន័យនេះ ការបន្តកិច្ចសហការ រវាងអាជ្ញាធរគ្រប់គ្រងតំបន់ការពារ អង្គការអភិរក្ស និងសហគមន៍មូលដ្ឋាន នៅតែមានសារសំខាន់ណាស់ក្នុងការការពារជម្រកធម្មជាតិដែលកំពុងរងគ្រោះនេះ និងធានាថា បឹងព្រែកល្ពៅ នៅតែជាជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាប និងជីវៈចម្រុះដទៃទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត