សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្របួចបានចោរកា.ប់ប្ល.ន់យកម៉ូតូ៣នាក់ និងបន្តស្វែងរកបក្ខពួក២នាក់ទៀតកំពុងរត់គេច
Chanmarady Chuon
•
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ជាបន្តបន្ទាប់ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ពាក់ព័ន្ធករណី កាប់ប្លន់យកម៉ូតូ និងកំពុងបន្តតាមស្វែងរកបក្ខពួក២នាក់ទៀត ដែលកំពុងគេចខ្លួន…។

យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍កាប់ប្លន់នេះ កើតឡើងកាលពីវេលាម៉ោង០២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងច្រកចូលផ្ទះសំណាក់៣ដុល្លារ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សកម្មភាពនេះ បង្កឡើងដោយក្រុមជនសង្ស័យមានគ្នាចំនួន៥នាក់ ស្លៀកពាក់ស៊ីវិល និងជិះម៉ូតូ២គ្រឿង ជាមធ្យោបាយ។ ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ វិត ចិន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយកើតហេតុ និងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះមិនទាន់បាន១ម៉ោងផង ពោលគឺនៅវេលាម៉ោង៣រសៀលថ្ងៃខែដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន៖ ១.ឈ្មោះ រឹម សុធារ៉ាម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក៏មិនពិតប្រាកដ។ ២.ឈ្មោះ ម៉ែន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ៣.ឈ្មោះ ហឿន មិនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ដោយឡែក បក្ខពួកចំនួន២នាក់ទៀត ដែលកំពុងគេចខ្លួន រួមមាន៖ ឈ្មោះ អាហេង អាយុប្រហែល១៨ឆ្នាំ (ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅទី២) និងឈ្មោះ អាឡុង អាយុប្រហែល១៨ឆ្នាំ (ស្នាក់នៅម្តុំភូមិទួលពង្រ សង្កាត់ចោមចៅទី១)។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូរបស់ជនរងគ្រោះម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MO-8474 (ដែលក្រុមជនសង្ស័យធ្វើសកម្មភាពវាយកាប់ប្លន់យក)។ វត្ថុតាងដកហូតពីជនសង្ស័យ៖ ម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LX-6750 ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព) និងទូរសព្ទដៃចំនួន៣គ្រឿង (ViVO ពណ៌ខៀវ១គ្រឿង, iPhone7 ពណ៌ខ្មៅ១គ្រឿង, និង iPhone 8 ពណ៌ខ្មៅ ១គ្រឿង)។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួក២នាក់ទៀត យកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត