ទោះតម្លៃមិនបានថ្លៃ ក៏អ្នកអង្គរបន្តរបរធ្វើអំបោសដោយដៃ ចិញ្ចឹមជីវិត
S
Sreyleak Yith
•
5 ម៉ោងមុន

ក្រុងសៀមរាប៖​ មុខរបរធ្វើអំបោសពីដើមពួច និងដើមម្រេចទន្សាយរបស់អ្នកស្រុកអង្គរ ក្នុងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ នៅតែមានមកទល់ពេលបច្ចុប្បន្ន។ នេះមិនត្រឹមតែជាមុខរបររកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាជាមុខរបរអត្តសញ្ញាណមួយរបស់អ្នកភូមិខ្មែរនៅទីនេះផងដែរ...។

លោក រឿម សារ៉ូ អ្នកធ្វើអំបោសពីដើមពួចនៅភូមិសំរោង បានឱ្យដឹងថា លោកចេញទៅរកដើមរុក្ខជាតិទាំងពីរប្រភេទខាងលើនៅតាមព្រៃនានា ដើម្បីមកផលិតជាអំបោសលក់ជូនអតិថិជននៅក្នុងស្រុក និងលើទីផ្សារទីរួមខេត្ត ខណៈសព្វថ្ងៃ ការចេញទៅរកដើមរុក្ខជាតិព្រៃទាំងពីរនេះ ដល់ស្រុកស្ទោង ខេត្តកំពង់ធំ ឯណោះ ដ្បិតរុក្ខជាតិព្រៃទាំងពីរ ដុះនៅក្នុងភូមិកាន់តែខ្សត់។ ក្នុងដំណើរទៅកាប់មួយលើកៗ លោកត្រូវចំណាយពេលជិត១០ថ្ងៃ ដើម្បីអាចរក និងកាប់ដើមពួច ឬដើមម្រេចទន្សាយ ឱ្យបានពេញគោយន្ត មុនធ្វើដំណើរវិលត្រឡប់។ ជាមួយគ្នា លោក និងអ្នកភូមិឯទៀត ត្រូវបោះតង់សម្រាកក្នុងព្រៃ ទម្រាំកាប់បានមួយរទះគោយន្តម្ដងៗ គឺលំបាកណាស់។ ចំណែក អ្នកស្រី រឹម ហាវ ត្រូវជាភរិយាលោក សារ៉ូ បានឱ្យដឹងផងដែរថា ពេលទៅរកមួយម្ដង ពួកអ្នកស្រីកាត់បានរុក្ខជាតិសម្រាប់ធ្វើអំបោស ចាប់ពី៥០០ ទៅ៦០០ដុំ ឬពេលខ្លះ អាចដល់១ពាន់ដុំក៏មាន បើកាត់បានតិចជាងនេះ មិនរួចថ្លៃប្រេងទេ។

លោកស្រីបន្ថែមថា អំបោសមួយដុំ ឈ្មួញកណ្តាលប្រមូលទិញក្នុងតម្លៃ ៥០០រៀលទៅ៦០០រៀល។ បើទោះជាតម្លៃមិនបានថ្លៃ តែមុខរបរនេះ បានជួយសម្រួលបន្ទុកគ្រួសារបានមួយផ្នែកធំ ក្រៅពីធ្វើស្រែចម្ការ និងស៊ីឈ្នួលគេផ្សេងៗទៀត។ លើសពីនេះ ជារបរតជំនាន់ដូចតាមកហើយ ពោលគឺអ្នកស្រីចេះធ្វើអំបោសនេះ លក់តាំងពីអាយុ២០ឆ្នាំមកម៉្លេះ។ គួរជ្រាបថា អំបោសពីដើមពួច និងដើមម្រេចទន្សាយ បោសដីបានស្អាត និងមានប្រសិទ្ធភាពជាងអំបោសធ្វើពីរុក្ខជាតិដទៃ។ គេឃើញមានប្រើក្នុងការបោសសម្អាតតាមបរិវេណនានា ពិសេសទីដែលសម្បូរស្លឹកឈើជ្រុះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត