សត្វស្លាបប្រមាណ១៣២ប្រភេទ កំពុងបង្ហាញខ្លួនក្នុង«តំបន់ការពារទេសភាពបឹងព្រែកល្ពៅ»
អុន សម្ផស្ស
01 កុម្ភៈ 2025 01:00 PM

ខេត្តតាកែវ៖ សត្វស្លាបប្រមាណជា១៣២ប្រភេទ ត្រូវបានរដ្ឋបាលស្រុកបូរីជលសារ ប្រកាសនៅថ្ងៃទី១ ខែកុម្ភៈនេះថា កំពុងរស់នៅ និងបង្ហាញខ្លួនជាញឹកញាប់ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅតាមដីសណ្ដទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ គ្រប់ដណ្តប់លើផ្ទៃដីទំហំជាង៨ពាន់ហិចតា ក្នុងភូមិសាស្ត្រស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ..។

តាមរដ្ឋបាលស្រុកបូរីជលសារសត្វស្លាបប្រមាណ១៣២ប្រភេទ តែងតែបង្ហាញវត្តមាននៅតាមរដូវកាល ដោយសារតំបន់នេះ មានទឹករយៈពេល៦ខែ និងរីងក្លាយជាគោករយៈពេល៦ខែ។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ជាដើម។ សម្រាប់សត្វដែលសម្បូរជាងគេ រួមមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌ស ។ល។  

បន្តទៅនេះ SBM News សូមឈ្លេចយកប្រវត្តិសត្វស្លាបមួយប្រភេទដែលត្រូវបានចាត់ទុកជាប្រភេទងាយរងគ្រោះ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយកំពុងមានវត្តមានរស់នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាមួយហ្វូងសត្វស្លាបដទៃ នោះគឺ សត្វក្រៀលសត្វក្រៀល មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ត្រូវបានដូនតាខ្មែរយើងចារឆ្លាក់លើប្រាង្គប្រាសាទបាយ័នតាំងពីសតវត្សរ៍ទី១២ ហើយបន្តមានវត្តមានរហូតដល់បច្ចុប្បន្ននេះក្នុងតំបន់មួយចំនួនផងដែរ។

ជារៀងរាល់ឆ្នាំ ក្រោយពីរដូវបន្តពូជត្រូវបានបញ្ចប់ សត្វក្រៀលបាននាំកូនតូចៗរបស់ពួកវាមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្ត្រស្រុកបូរីជលសារ និងស្រុកកោះអណ្តែតខេត្តតាកែវ អំឡុងចុងខែវិច្ឆិកា និងបន្តស្នាក់នៅរហូតដល់ខែកុម្ភៈ ទើបពួកវាបន្លាស់ទីចេញទៅកាន់តំបន់រកចំណីផ្សេងៗទៀត។ សត្វក្រៀលមានមាឌធំអស់លើសអំបូរកុក មានពណ៌សម្បុរល្អ សម្រែកឮពីរោះ និងមិនស៊ីសាច់ជាអាហារទេ។ 

សត្វក្រៀល ជាទូទៅវាមានកម្ពស់ប្រហែល១,៧៦ម៉ែត្រ មានទម្ងន់៥ ទៅ ១២គីឡូក្រាម ប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ និងអាចហើរបាន។ ពួកវាមានម្រាមជើងមុខវែងៗចំនួន៣ និងម្រាមខាងក្រោយខ្លីមួយ ពួកវាមិនអាចទុំលើមែកឈើបានទេ ហើយដេកនៅឈរស្ងៀមធ្មឹងជិតៗកន្លែងរកចំណីរបស់វាក្នុងតំបន់ដីសើម។ សត្វក្រៀលមានសម្បុរពណ៌ប្រផេះលើដងខ្លួនកផ្នែកខាងលើនិងក្បាលពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុត និងត្រចៀកមានពណ៌ប្រផេះស្រាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត