
ក្រុងដូនកែវ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NCO) បានស្នើអាជ្ញាធរពាក់ព័ន្ធជួយស៊ើបអង្កេតរកជនល្មើស និងទប់ស្កាត់សកម្មភាពខុសច្បាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខណៈការបំពុលសត្វស្លាប១ករណីត្រូវបានរកឃើញនៅតំបន់នេះ កាលពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០២៦…។

អង្គការ NCO បានឱ្យដឹងនៅរសៀលថ្ងៃទី១៦កុម្ភៈនេះថា ការបំពុលសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅតែបន្តកើតមាន។ កាលពីថ្ងៃ១៥កុម្ភៈ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអង្កេតតាមដានជីវចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា កម្លាំងនគរបាលបានសហការគ្នាចុះល្បាត បានប្រទះឃើញសំណាកសពសត្វទាកាបព្រៃចំនួន២ក្បាល អណ្តែតក្នុងអាងគ្រប់គ្រងទឹក នៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រួមជាមួយគួស្រូវដែលមានជាប់ថ្នាំពុលដាក់ពង្រាយក្នុងផ្ទៃអាង។ បើតាមអង្គការ NCO តាមការសង្កេតនៃការបំពុលនេះ ជនល្មើសមានបំណងចាប់សត្វយកទៅបរិភោគ ឬយកទៅលក់នៅលើទីផ្សារ ខណៈបើមានមនុស្សបរិភោគសាច់សត្វដែលត្រូវបានបំពុលនេះ នឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ។

ក្រោយការពិនិត្យ និងប្រមូលភស្តុតាង តាមបច្ចេកទេសដើម្បីបញ្ជូនទៅក្រុមការងារបច្ចេកទេសសុខភាពសត្វព្រៃអង្គការ WCS រួចរាល់ សាកសពសត្វទាកាបព្រៃទាំង២ក្បាល ត្រូវបានដុតបំផ្លាញចោល រីឯជនសង្ស័យ កម្លាំងឧទ្យានុរក្សបាននិងកំពុងស៊ើបអង្កេតរក និងកំណត់អត្តសញ្ញាណ។ អង្គការ NCO និងឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបំពុលនេះ និងបានអំពាវនាវដល់អជ្ញាធរមូលដ្ឋានក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែតនៃខេត្តតាកែវ ជួយគាំទ្រក្នុងស៊ើបអង្កេតតាមដានរកជនល្មើស និងទបស្កាត់សកម្មភាពខុសច្បាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

ជួយទប់ស្កាត់ ក៏ព្រោះតែការបំពុលនេះមានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ វាអាចសម្លាប់សត្វក្នុងចំនួនយ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី រួមទាំងសត្វកម្រ និងសត្វជិតផុតពូជ ដូចជា៖ សត្វក្រៀល ជាដើម។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដ៏ពិសេសរបស់ខេត្តតាកែវ ក្នុងការគាំទ្របក្សីជាច្រើនប្រភេទ ជាពិសេស សត្វក្រៀល និងសត្វចាបព្រៃវែង ដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ៕




