ប្រទេសក្នុងតំបន់ឥណ្ឌូចិន ពន្លឿនការបោះបង្គោលព្រំដែនដែលនៅសេសសល់ និងរឹតបន្តឹងសន្តិសុខរួម
ហៀប ស៊ីថេត
•
12 ម៉ោងមុន

រដ្ឋធានីហាណូយ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នា រឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែន រក្សាល្បឿនលើការបោះបង្គោលព្រំដែនដែលនៅសេសសល់ និងលើកកម្ពស់ការផ្លាស់ប្ដូរព័ត៌មានចារកិច្ច ស្ថិតក្រោមកិច្ចសហប្រតិបត្តិការយោធាថ្មីសម្រាប់ឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយដោយកាសែតឡាវ The Laotian Times នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

កាលពីថ្ងៃទី១៤ ខែតុលា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយសមភាគីឡាវ លោក ខាំឡាំង អ៊ូថៈកៃសន (ຄຳລຽງ ອຸທະໄກສອນ) និងសមភាគីវៀតណាម លោក ផាន់ វ៉ាន់យ៉ាង (Phan Văn Giang) នៅរដ្ឋធានីហាណូយ ដើម្បីពិភាក្សាអំពីអាទិភាពវិស័យការពារជាតិ នៃប្រទេសទាំង៣ សម្រាប់ឆ្នាំក្រោយនេះ។ ផែនការនេះ ផ្តោតលើការសម្របសម្រួលយ៉ាងជិតស្និទ្ធតាមបណ្តោយព្រំដែនរួម ជាកន្លែងដែលអាជ្ញាធរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានា រួមមាន៖ ការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់។ កងកម្លាំងជួរមុខនឹងបង្កើនការល្បាតរួមគ្នា ពន្លឿនការបោះបង្គោលព្រំដែនដែលនៅសេសសល់ និងចែករំលែកព័ត៌មានចារកិច្ច ដើម្បីជួយកំណត់អត្តសញ្ញាណ និងឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ ឱ្យបានកាន់តែឆាប់រហ័ស។

សូមជម្រាបថា ជំនួបនេះ ធ្វើឡើងបន្ទាប់ពីការធ្វើសមយុទ្ធរួមគ្នា ស្តីពីការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង៣ បានហ្វឹកហាត់រួមគ្នាលើការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ការបាក់រលំអគារ និងការលេចធ្លាយសារធាតុគីមី ព្រមទាំងការសម្របសម្រួលមន្ទីរពេទ្យសមរភូមិ និងការថែទាំវេជ្ជសាស្ត្របន្ទាន់។ ក្រសួងការពារជាតិនៃប្រទេសទាំង៣ ក៏មានផែនការបន្តរៀបចំជំនួបជាទៀតទាត់រវាងរដ្ឋមន្ត្រី ផ្លាស់ប្ដូរវេន ធ្វើជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធសង្គ្រោះរួមគ្នា និងពង្រីកការផ្លាស់ប្ដូរបទពិសោធរវាងនាយទាហានវ័យក្មេងផងដែរ៕

លោក ទៀ សីហា
លោក ទៀ សីហា
លោកផាន់ វ៉ាន់យ៉ាង 
លោកផាន់ វ៉ាន់យ៉ាង 
លោក ខាំឡាំង អ៊ូថៈកៃសន
លោក ខាំឡាំង អ៊ូថៈកៃសន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត