
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាម៉េរិក បានប្រកាសអនុម័តលក់គ្រាប់មីស៊ីលការពារដែនអាកាសប្រភេទ Patriot PAC-3 ចំនួន៥០០គ្រាប់ ក្នុងតម្លៃប្រមាណ២,១ ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន។ នេះ ជាជំហានដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់អាវុធការពារខ្លួនឱ្យរដ្ឋធានីកៀវ ចាប់តាំងពីរដ្ឋបាលអាណត្តិទី២របស់លោក ដូណាល់ ត្រាំ បានចាប់ផ្តើម។

អ៊ុយក្រែន នឹងទូទាត់ប្រាក់ទិញអាវុធនេះ ដោយប្រើប្រាស់ជំនួយពីរដ្ឋាភិបាលកាណាដា អាល្លឺម៉ង់ និងន័រវែស តាមរយៈកម្មវិធី US JUMPSTART (ចាំស្តាត) រួមជាមួយមូលនិធិជាតិដែលគាំទ្រដោយកម្ចីជំនួយអ៊ុយក្រែនរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុន Lockheed Martin គឺជាអ្នកម៉ៅការបន្តផ្ទាល់ក្នុងការផលិតគ្រាប់មីស៊ីល Patriot ទាំងនេះ។ ទោះបីជាអ៊ុយក្រែនត្រូវការមីស៊ីលទាំងនេះជាបន្ទាន់ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីយ៉ាងណាក៏ដោយ ក៏គ្រាប់មីស៊ីលទាំងនេះមិនទាន់ត្រូវបានផលិតនៅឡើយទេ ហើយការប្រគល់អាចនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០៣០។

ក្រសួងការពារជាតិអ៊ុយក្រែន កំពុងជំរុញឱ្យមន្ទីរបញ្ចកោណ ពន្លឿនកាលបរិច្ឆេទប្រគល់ឱ្យបានឆាប់ ដោយស្នើឱ្យអាម៉េរិកផ្ដល់មីស៊ីលដែលមានស្រាប់នៅក្នុងឃ្លាំងជាមុន ហើយចាំយកគ្រាប់ផលិតថ្មីមកជំនួសវិញតាមក្រោយ។ ការអនុម័តយល់ព្រមរបស់អាម៉េរិក ក្នុងការលក់មីស៊ីលឱ្យអ៊ុយក្រែន កើតឡើងក្នុងពេលរុស្ស៊ី បង្កើនការវាយប្រហារយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងតំបន់ស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ខណៈអ៊ុយក្រែនតែងតែចាត់ទុកប្រព័ន្ធការពារដែនអាកាស Patriot ជាអាវុធមានប្រសិទ្ធភាពបំផុតក្នុងការស្ទាក់ចាប់មីស៊ីលផ្លោងល្បឿនលឿនរបស់រុស្ស៊ី៕



