តើនរណាខ្លះជាបេក្ខជនលេចធ្លោ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល..?
ហៀប ស៊ីថេត
•
មួយម៉ោងមុន

រដ្ឋធានីហ្ស៊េរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានគេមើលឃើញជាយូរមកហើយថា អាចនឹងជ្រុះចេញពីអំណាច ក្នុងការបោះឆ្នោតរបស់អ៊ីស្រាអែល ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតចូលមកដល់ ខណៈគូប្រជែងរបស់លោកនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ តើនរណាខ្លះ មានភាគរយខ្ពស់ក្នុងការដណ្តើមអំណាចចេញពីក្រញ៉ាំរបស់លោក..?

ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់គណបក្សនយោបាយជាច្រើន ហើយអាសនៈនៅក្នុងសភា នឹងត្រូវបែងចែកជូនបុគ្គលនានា តាមបញ្ជីឈ្មោះគណបក្ស ស្របតាមប្រព័ន្ធសមាមាត្រ។ សូមជម្រាបថា ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រី អាណត្តិដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លោក នេតាន់យ៉ាហ៊ូ បានក្លាយជាតួអង្គដែលបង្កឱ្យមានការបែកបាក់គ្នាយ៉ាងខ្លាំងនៅក្នុងប្រទេស។ ក្រោយមកលោក នេតាន់យ៉ាហ៊ូ បានក្តាប់អំណាចណែនដៃ ចាប់តាំងពីឆ្នាំ២០០៩។ អ្នកគាំទ្របានប្រសិទ្ធនាមលោកថា ជា«ស្តេចប៊ីប៊ី (King Bibi)» ហើយមើលឃើញលោកជាថ្នាក់ដឹកនាំដ៏រឹងមាំដែលអ៊ីស្រាអែលត្រូវការ ដើម្បីការពារខ្លួននៅក្នុងតំបន់ ដែលមានការប្រឈមមុខដាក់គ្នាមួយនេះ។ យ៉ាងណា ដោយសារតែត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) តាមចាប់ខ្លួន ជុំវិញបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅហ្កាហ្សា និងកំពុងប្រឈមមុខ នឹងការស៊ើបអង្កេតក្នុងស្រុកពីបទពុករលួយ លោកកំពុងតស៊ូយ៉ាងខ្លាំងដើម្បីរស់រានមានជីវិតខាងនយោបាយ។

ការស្ទង់មតិ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់«គណបក្សលីគុដ(Likud)» របស់លោក ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលបានបំផ្លាញកេរ្តិ៍ឈ្មោះផ្នែកសន្តិសុខរបស់លោក។ គោលនយោបាយរបស់រដ្ឋាភិបាលលោក លើបញ្ហាសាសនា និងរដ្ឋ ក៏មិនទទួលបានការគាំទ្រពីប្រជាជនអ៊ីស្រាអែល ជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក នេតាន់យ៉ាហ៊ូ គឺជាអ្នកនយោបាយដ៏ប៉ិនប្រសប់ ដែលមានបទពិសោធជោគជាំ។ លោកបានថ្លែងថា លោកចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិដ៏ធំមួយ បន្ទាប់ពីការបោះឆ្នោត ប្រសិនបើលោកឈ្នះ។ ក្នុងករណីចាញ់ឆ្នោត លោកអាចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីស្តីទី អស់រយៈពេលជាច្រើនខែ។ ចុះថា តើនរណាខ្លះ ជាគូប្រជែងកំពូលៗរបស់លោកនេតាន់យ៉ាហ៊ូ..?

ដំបូងគេ លោក ហ្គាឌី អាយសិនកុតទី (Gadi Eisenkot) ជាអតីតអគ្គមេបញ្ជាការកងទ័ព ដែលបានបាត់បង់កូនប្រុសក្នុងការប្រយុទ្ធនៅហ្កាហ្សា។ លោកមានវ័យ៦៦ឆ្នាំ បានបង្ហាញរូបភាពជាអ្នកនយោបាយក្រៅឆាក ជាទាហាន និងជាអ្នកមានជំហរតឹងរ៉ឹង លើផ្នែកសន្តិសុខជាតិ។ លោកជាមេដឹកនាំគណបក្សមជ្ឈិមថ្មីមួយ ឈ្មោះថា«យ៉ាសារ (Yashar)» ​មានប្រវត្តិចេញពីត្រកូលគ្រួសារសាមញ្ញ។ បន្ទាប់មក គឺលោក ណាហ្វតាលី បេនណែត (Naftali Bennett)។ អតីតនាយករដ្ឋមន្ត្រីវ័យ៥៤ឆ្នាំរូបនេះជាអតីតកងកុម្មង់ដូស្ដាំនិយម អតីតជំនួយការរបស់លោក នេតាន់យ៉ាហ៊ូ និងជាមហាសេដ្ឋីបច្ចេកវិទ្យា ដែលបានរួមកម្លាំងជាមួយអតីតនាយករដ្ឋមន្ត្រីមជ្ឈិមនិយម លោក យារ ឡាភីត (yair Lapid)។ គណបក្សថ្មីរបស់ពួកគេមានឈ្មោះថា «គណបក្សរួបរួមគ្នា (Together)» ហើយសារនយោបាយរបស់ពួកគេ ផ្តោតលើការកសាងប្រទេសជាតិ ដែលរងរបួសផ្លូវចិត្ត និងជួយឱ្យប្រទេសវិលត្រឡប់មកផ្លូវត្រូវវិញ។

បន្ទាប់មកទៀត លោក អាវីកដ័រ លីប៊ឺមែន (Avigdor Lieberman) ជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ វ័យ៦៨ឆ្នាំ និងធ្លាប់ជាដៃគូដៃកង់ដ៏ជិតស្និទ្ធរបស់លោក នេតាន់យ៉ាហ៊ូ។ គេនៅចាំបានថា លោក លីប៊ឺមែន បានលាលែងពីរដ្ឋាភិបាលរបស់លោក នេតាន់យ៉ាហ៊ូ ក្នុងឆ្នាំ២០១៨ ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រីរូបនេះ ថា ទន់ជ្រាយពេក ចំពោះក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅហ្កាហ្សា និងបានក្លាយជាអ្នករិះគន់ដ៏ស្រួចស្រាវម្នាក់របស់លោក នេតាន់យ៉ាហ៊ូ។ គណបក្សរបស់លោកឈ្មោះថា «អ៊ីស្រាអែល ជាផ្ទះរបស់យើង (Israel Our Home)» ដោយទទួលបានការគាំទ្រភាគច្រើនពីសហគមន៍អន្តោប្រវេសន៍ អតីតសហភាពសូវៀត។

លើសពីនេះ ក៏មានវត្តមាន លោក យ៉ាអៀរ ហ្គោឡាន (Yair Golan) អតីតឧត្តមសេនីយ៍ វ័យ៦៤ឆ្នាំ ដែលទទួលបានការសរសើរចំពោះការជួយសង្គ្រោះមនុស្សចេញពីទីតាំងវាយប្រហារមួយរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាផងដែរ។ លោក កំពុងដឹកនាំគណបក្សប្រជាធិបតេយ្យ។ គណបក្សសំខាន់ៗ ដែលមានសក្ដានុពលផ្សេងទៀតរួមមាន៖ «គណបក្ស Raam» និង«គណបក្ស Joint List» ដែលជាគណបក្ស២ តំណាងឱ្យជនជាតិភាគតិចអារ៉ាប់ ២០ភាគរយរបស់អ៊ីស្រាអែល។ ក្រៅពីនេះ ក៏មានគណបក្សស្ដាំនិយមថ្មីមួយឈ្មោះថា «គណបក្សប្រជាជនអ៊ីស្រាអែល (People of Israel)» និងគណបក្សកណ្តាលស្តាំមួយឈ្មោះថា «The Reservists» ដែលគណបក្សទាំង២នេះ កំពុងមានការប្រែប្រួលនៅក្នុងការបោះឆ្នោតស្ទង់មតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត