អាម៉េរិកដុតលុយចោលជិត៥០ពាន់លានដុល្លារ ក្នុងភ្នក់ភ្លើងស.ង្គ្រា.មអ៊ីរ៉ង និងត្រៀមបើកការប្រយុទ្ធទ្រង់ទ្រាយធំជាថ្មី ក្រោយការបោះឆ្នោត
ហៀប ស៊ីថេត
•
11 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាម៉េរិក បានចំណាយថវិកាអស់ជាង ៤៧ពាន់លានដុល្លារ ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ កើនឡើងជាង២៥ភាគរយ បើធៀបនឹងការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិ កាលពីខែកក្កដា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក...។

ការទម្លាយព័ត៌មានអំពីការកើនឡើងនៃចំណាយលើសង្គ្រាមអ៊ីរ៉ង់នេះ កើតឡើងស្របពេលគណបក្សសាធារណរដ្ឋ កំពុងប្រឈមមុខនឹងផលប៉ះពាល់ផ្នែកនយោបាយពីជម្លោះនេះ នៅមុនការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ដែលជាការបោះឆ្នោតកំណត់ការគ្រប់គ្រងសភា សម្រាប់រយៈពេល២ឆ្នាំខាងមុខ។ ផលប៉ះពាល់នៃសង្គ្រាមលើតម្លៃថាមពលពិភពលោក បានធ្វើឱ្យថយចុះការគាំទ្រដល់បេក្ខជនគណបក្សសាធារណរដ្ឋ និងបានប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ គណបក្សសាធារណរដ្ឋ កំពុងកាន់កាប់សំឡេងភាគច្រើន បន្តិចបន្តួចនៅក្នុងសភានីតិប្បញ្ញត្តិទាំង២។ ការប៉ាន់ប្រមាណចុងក្រោយរបស់ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក គឺជាប់ពាក់ព័ន្ធនឹងចំណាយលើប្រតិបត្តិការនៃការធ្វើសង្គ្រាម ដោយមានការគណនាថវិកាព្យាករលើសពី២៩ពាន់លានដុល្លារ ដើម្បីជំនួសគ្រាប់គ្រាប់រំសេវ ដែលបានប្រើប្រាស់ក្នុងជម្លោះនេះ។

ច្រើនជាង៦ពាន់លានដុល្លារ នឹងត្រូវការដើម្បីជំនួសបរិក្ខារយោធា និងការខាតបង់គ្រឿងយុទ្ធោបករណ៍ ដែលរាប់បញ្ចូលទាំងការបាត់បង់យន្តហោះ ព្រមទាំងដ្រូនជាច្រើនគ្រឿង ដែលបានបាត់បង់ក្នុងកំលុងពេលនៃសង្គ្រាម។ យុទ្ធសាស្ត្រដំបូងរបស់លោក ត្រាំ ក្នុងសង្គ្រាមអ៊ីរ៉ង់ បានផ្តោតលើការប្រើប្រាស់មីស៊ីលមានតម្លៃថ្លៃ និងកម្រិតខ្ពស់ ក្រោយមកសហរដ្ឋអាម៉េរិក បានប្រើប្រាស់គ្រាប់រំសេវដែលមានតម្លៃថោកជាងមុន រួមទាំងគ្រាប់បែកទម្លាក់តាមអាកាសដូចជា JDAMs ដែលមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ យ៉ាងណា កិច្ចព្រមព្រៀងឈប់បាញ់កាលពីខែមេសា បានផ្តល់ពេលវេលាឱ្យអ៊ីរ៉ង់ ជីកកាយ និងស្តារទីតាំងផ្ទុកអាវុធក្រោមដីឡើងវិញ ដោយបានដាក់ឱ្យដំណើរការឡើងវិញនូវប្រព័ន្ធការពារអាកាសមួយចំនួនរបស់អ៊ីរ៉ង់ ព្រមទាំងមីស៊ីល និងដ្រូន។

ចាប់តាំងពីពេលនោះមក លោក ត្រាំ បានដាក់បទបញ្ជាបិទផ្លូវទឹកលើប្រទេសអ៊ីរ៉ង់ ដើម្បីបង្អត់ចំណូលពីការនាំចេញប្រេង និងបានទុកលទ្ធភាពនៃការចាប់ផ្តើមប្រតិបត្តិការយោធាសាជាថ្មី បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ មន្ត្រីសហរដ្ឋអាម៉េរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ក្រសួងសង្គ្រាម បាននិងកំពុងរៀបចំផែនការចាប់ផ្តើមការប្រយុទ្ធគ្នា ទ្រង់ទ្រាយធំឡើងវិញ ប្រសិនបើមានបទបញ្ជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត