ប៉ូលិសខេត្តកំពង់ស្ពឺ ឆ្មក់បង្ក្រាបទីតាំង KTV និងផ្ទះសំណាក់២កន្លែង សង្គ្រោះនារីរងគ្រោះ១១នាក់ ជាអនីតិជន
Chanmarady Chuon
•
6 ម៉ោងមុន

ក្រុងច្បារមន៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងសង្ស័យបង្កប់អំពើពេស្យាចារ និងសញ្ចារកម្មចំនួន២កន្លែងផ្សេងគ្នា ក្នុងស្រុកគងពិសី ដោយជួយសង្គ្រោះនារីរងគ្រោះសរុប១១នាក់ ក្នុងនោះមានទាំងក្មេងស្រីជាអនីតិជនផងដែរ…។

តាមរបាយការណ៍ពមន្ត្រីសមត្ថកិច្ចបានឱ្យដឹងកាលពីល្ចាចថ្ងៃសៅរ៍ ទី៣១ ខែតុលាថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងយេនឌ័រ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ធាម ច័ន្ទពិលីការ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចបានបើកប្រតិបត្តិការរួមគ្នារវាងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តកំពង់ស្ពឺ ជាមួយអធិការដ្ឋាននគរបាលស្រុកគងពិសី ដោយសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន ២កន្លែង រួមមាន៖ ១.ហាង «Happy Day KTV» ស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី (សង្ស័យលួចបង្កប់ករណីសញ្ចារកម្ម)។ ២.ផ្ទះសំណាក់ «ភ្នំពេជ្ររីករាយ» ស្ថិតនៅភូមិភាសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី (សង្ស័យផ្តល់ទីតាំងឱ្យធ្វើពេស្យាចារ)។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរំដោះ និងសង្គ្រោះនារីរងគ្រោះវ័យក្មេងបានចំនួន១១នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រឈមនឹងការកេងប្រវ័ញ្ចផ្លូវភេទ។ ទន្ទឹមគ្នា សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធមួយចំនួន ដើម្បីនាំយកមកសាកសួរ និងអនុវត្តនីតិវិធីបន្ត នៅឯស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត