តំបន់ទេទឹកពុះ នឹងត្រូវរៀបចំឱ្យក្លាយជាតំបន់ការពារ និងជារបៀងទេសចរណ៍ធម្មជាតិ
S
Soriya Sou
25 មីនា 2025 01:30 AM

ខេត្តកំពង់ស្ពឺ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៤មីនា ឆ្នាំ២០២៥នេះ បានដាក់ចេញនូវការងារអាទិភាពមួយចំនួនដើម្បីពន្លឿនការរៀបចំតំបន់ទេទឹកពុះ ឱ្យក្លាយជាតំបន់ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ...។

ការងារអាទិភាពសំខាន់ៗនោះមានចំណុច រួមមាន ទី១. រៀបចំក្រុមការងារចុះត្រួតពិនិត្យ និងសិក្សាជាបន្ទាន់ ដើម្បីសម្រេចបានលទ្ធផលនៅក្នុងសប្តាហ៍នេះ ទី២. រៀបចំកន្លែងលក់ដូរជូនប្រជាសហគមន៍ ដោយចុះស្រង់ស្ថិតិអ្នកលក់ដូរជុំវិញតំបន់ទេទឹកពុះ ដើម្បីរៀបចំកន្លែងលក់ប្រកបដោយអនាម័យ និងសោភ័ណភាពស្អាត ទី៣. ពិនិត្យ និងដោះស្រាយកំណត់ប្លង់រៀបចំទីតាំងទេទឹកពុះ ដើម្បីធានាថាទេទឹកពុះ ជាសម្បត្តិរដ្ឋសម្រាប់បម្រើឱ្យប្រយោជន៍សាធារណជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារពាក់ព័ន្ធ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ការពន្លឿនរៀបចំអភិវឌ្ឍតំបន់ទេទឹកពុះឱ្យក្លាយជាតំបន់ការពារធម្មជាតិ និងជារបៀងទេសចរណ៍ធម្មជាតិ ធ្វើឡើងស្របតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ និងសាធារណជន ធានាបាននូវការអភិវឌ្ឍដោយចីរភាព។ គួរជម្រាបថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត