
ក្រុងច្បារមន៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃទី១៩កុម្ភៈ បានចុះស៊ើបអង្កេតទីតាំងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ហើយរកឃើញថាពិតជាបានលួចបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ..។

តាមក្រសួងបរិស្ថាន រោងចក្រផលិតដំណាប់ស្វាយនោះ ជារបស់ក្រុមហ៊ុន KRR Processing Food Co., Ltd.។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានចុះទៅពិនិត្យជាមួយក្រុមការងារ ថ្លែងថា ក្រៅពីទីតាំងរោងចក្រ ក្រុមការងារបានពិនិត្យឃើញថា នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ក៏មានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យដែរ។ ពោលគឺចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ៣០០ម៉ែត្រ)។ ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានយកសំណាកទឹក តាមដងស្ទឹងសែនជ័យ ៣ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។ លោកបន្ថែមថា ទន្ទឹមនឹងការចុះយកសំណាកនោះ តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរតំបន់ ក៏បានអះអាងដូចគ្នាថា៖«ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ»។

ចំពោះមុខបញ្ហានេះ ក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្រដែលប្រព្រឹត្តល្មើសបង់ផាកពិន័យអន្តរការណ៍តាមច្បាប់។ ផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញនៅក្នុងព្រែក ដែលរងការប៉ះពាល់ (អនុលោមមាត្រ៧២៣ និង៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ)។ តម្រូវឱ្យក្រុមហ៊ុនបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ដែលបានរកឃើញថា មានពណ៌សស្រអាប់ និងមានក្លិនឆួលចូលទៅក្នុងស្ទឹងនៅក្រោយរោងចក្រ។ បន្ថែមលើនោះ រោងចក្រត្រូវរៀបចំរបាយការណ៍រាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ជាមួយគ្នានោះ រោងចក្រត្រូវ ធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសបរិស្ថាន និងត្រូវរៀបចំឱ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់ធ្វើការសំណល់រាវក្រោយការសម្អាតរួច និងដើម្បីជៀសវាងការហូរចូលទៅស្ទឹងបន្តទៀត៕







