
ក្រុងច្បារមន៖ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានជំរុញឱ្យមន្ទីរជំនាញ ពន្លឿនការអន្តរាគមន៍នាំទឹកទៅសង្គ្រោះ ខណៈស្រូវប្រជាកសិករប្រមាណជិត៦ម៉ឺនហិកតាក្នុងស្រុកចំនួន៨នៃខេត្តកំពង់ស្ពឺ កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ ថ្លែងដូច្នេះក្នុងអំឡុងពេលដឹកនាំមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពស្រូវប្រជាកសិករជាក់ស្តែង..។

លោក ជាម ច័ន្ទសោភ័ណ បានកត់សម្គាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងបង្អុរចុះពីមធ្យមទៅបង្គួរ គ្របដណ្ដប់ និងស្រោចស្រពលើផ្ទៃដីស្រែខ្លះនៅតាមបណ្តាស្រុកក្រុងមួយចំនួន ដែលធ្វើឱ្យស្រូវមានកម្លាំង អាចទ្រាំនឹងអាកាសធាតុរាំងស្ងួតបានមួយរយៈ។ មួយវិញទៀត ស្ថានភាពដើមស្រូវដែលខ្វះទឹកស្រោចស្រពជិត៦ម៉ឺនហិកតានោះ ខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅមានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។ លោកអភិបាលខេត្តបញ្ជាក់ថា៖«ក្នុងកំលុង១០ថ្ងៃទៀតប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះ កសិករអាចមានរំពឹងឡើងវិញ និយាយជារួម គឺស្រូវអាចសង្គ្រោះបានយ៉ាងហោច៧០ភាគរយ នៃផលប៉ះពាល់រួម»។ ដោយឡែក ចំពោះស្រុក-ក្រុងចំនួន៣ទៀតដែលគ្មានប្រភពទឹក អាជ្ញាធរស្រុក-ក្រុង ត្រូវរិះរកប្រភពទឹក និងសហការជាមួយមន្ទីរជំនាញធនធានទឹក ដើម្បីទាញទឹកពីស្ទឹងក្រាំងពន្លៃ នៃស្រុកថ្ពង នាំយកទៅស្រោចស្រពផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅបណ្តាស្រុក-ក្រុង ដែលនៅក្បែរនោះ។

តាមរបាយការណ៍ពីលោក យឹម ណន ប្រធានកសិកម្មខេត្តកំពង់ស្ពឺ បង្ហាញថា កូនរដូវប្រាំងដំណាក់កាលទី២ និងបាតុភូតអេលីញូ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវប្រជាពលរដ្ឋ៨ក្រុង/ស្រុក។ ក្នុងនោះមាន៖ ស្រុកបសេដ្ឋជាង៤៥០០ហិកតា ក្រុងច្បារមនជាង៩៩០ហិកតា ស្រុកគងពិសីជាង៧៣០០ហិកតា ស្រុកឱរ៉ាល់ជាង៧៩០ហិកតា ស្រុកសំរោងទងជាង២៤០០០ហិកតា។ លោក យឹម ណន អះអាងថា ស្រូវដែលរងគ្រោះនៅស្រុក/ក្រុងទាំង៥នេះ គឺសង្គ្រោះបានទាំងស្រុង។ ដោយឡែក ចំពោះស្រុកថ្ពង ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ អាជ្ញាធរអាចជួយសង្គ្រោះបាន តែមួយចំនួនប៉ុណ្ណោះ៕













