
រាជធានីភ្នំពេញ៖ ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៦-២០២៧ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រីកការចុះឈ្មោះចូលរៀននៅគ្រប់កម្រិត និងរក្សាសិស្សឱ្យបានរៀនសូត្រគង់វង្សរហូតដល់មធ្យមសិក្សា តាមរយៈការពង្រីក និងសាងសង់សាលារៀនបន្ថែម ការកែលម្អបរិយាកាសសិក្សា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាអប់រំ ការបង្កើតថ្នាក់រៀនបន្ថែម ការបំពាក់មន្ទីរពិសោធន៍ បណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ដោយឡែក ចំពោះសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្សមួយផ្នែកតូចដែលកំពុងរងផលប៉ះពាល់ដោយសារសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បន្ថែមលើអន្តរាគមន៍នាពេលកន្លងមក សូមក្រសួងអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងប្រកបដោយសុវត្ថិភាព អនាម័យ និងគុណភាព។ នេះជាប្រសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ មិនទាន់អស់ទេ សម្ដេចបានបន្តណែនាំឱ្យក្រសួងអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តអនុវត្ត និងបង្រួបបង្រួមកំណែទម្រង់ទាំង អស់នេះ ខិតខំពង្រីកការអនុវត្តដែលជោគជ័យ និងធានាថា ការកែលម្អការរៀនសូត្រ កើតមាននៅគ្រប់សាលារៀន និងបានដល់សិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

ក្រសួងត្រូវបន្តសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដល់កុមារ និងសិស្សានុសិស្សដែលបានវិលត្រឡប់ពីប្រទេសថៃ ដើម្បីជំរុញនិងសម្របសម្រួលឱ្យពួកគេបានចូលរៀន ឬបន្តការសិក្សា ឱ្យបានសមស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។ ក្រសួងអប់រំ និងក្រសួងការងារ ត្រូវបន្តជំរុញការអនុវត្ត «គន្លងអប់រំថ្មីនៅកម្ពុជា» ដែលរួមមាន៖ ការផ្ដល់ការប្រឹក្សានិងតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី៧ និងការអនុវត្តគន្លងវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ និងការបែងចែកគន្លងវិទ្យាសាស្ត្រ និងគន្លងសង្គមនៅថ្នាក់ទី១១ ក្នុងគោលដៅផ្តល់នូវការសិក្សាដែលសមស្របនឹងសមត្ថភាពរបស់សិស្ស និងការត្រៀមខ្លួនសម្រាប់អនាគត។ ត្រូវបន្តធ្វើទំនើបកម្មសៀវភៅសិក្សាចាប់ពីបឋមសិក្សាដល់មធ្យមសិក្សា ដើម្បីពង្រឹង ការយល់ដឹងអំពីបញ្ញតិ ការអនុវត្តចំណេះដឹង ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ហេតុផល វិទ្យាសាស្ត្រ និងសមត្ថភាពសកល រួមជាមួយនឹងការពង្រឹងគ្រឹះរឹងមាំឆ្ពោះទៅក្របខ័ណ្ឌសមត្ថភាពសកល។

ប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រសួងអប់រំបន្តកែទម្រង់ការអប់រំគ្រូបង្រៀន និងពង្រឹងគុណភាពគ្រូបង្រៀន ដោយធ្វើឱ្យប្រសើរឡើងនូវគុណវុឌ្ឍិ និងគរុកោសល្យរបស់គ្រូបង្រៀន ពង្រឹងការត្រួតពិនិត្យ និងពង្រឹងការទទួលខុសត្រូវរបស់សាលារៀន ដោយផ្តោតលើការធ្វើស្វ័យវាយតម្លៃសាលារៀន ការកែលម្អលទ្ធផលសិក្សារបស់សិស្ស។ ដោយឡែក គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវពង្រឹងតួនាទីនិងការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព។ នាយកសាលា និងគ្រូបង្រៀន ត្រូវប្រកាន់ខ្ជាប់វិន័យការងារដោយមកដល់សាលាមុនសិស្ស និង ចេញពីសាលាក្រោយសិស្ស ព្រមទាំងតាមដាននិងដោះស្រាយបាតុភាពនានាទាំងនៅក្នុងនិងជុំវិញសាលារៀន សហការជាមួយមាតាបិតាអាណាព្យាបាល សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីលើកកម្ពស់វិន័យ សីលធម៌ និងសុវត្ថិភាពក្នុងការសិក្សា។ ចំណែក មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមយកចិត្តទុកដាក់ជំរុញ និងគាំទ្រកូនចៅឱ្យចុះ ឈ្មោះចូលរៀនជាប្រចាំ ព្រមទាំងចូលរួមតាមដានការសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និង ឥរិយាបថរបស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងសហគមន៍៕



